ភ្នំពេញ៖ កិច្ចសន្ទនាលើកទី៣ រវាង រដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក (The 3rd Cambodia-United States of America Public-Private Sector Dialogue) បានចាប់ផ្តើមនៅថ្ងៃទី ២៣ តុលានេះ បានចាប់ផ្តើមដំណើរការ ដោយមានការដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia) និង វិស័យឯកជន និង មន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក សំដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរលើកកន្លងមក បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការថែទាំគាំទ្រវិនិយោគ ដែលកំពុងមានប្រតិបត្តិការធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីជាការពង្រឹងជំនឿចិត្តរបស់វិស័យឯកជន។
តាមរយៈកិច្ចសន្ទនានោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណជូន ចំពោះវិនិយោគិនអាម៉េរិកទាំងអស់ ដែលបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និង ពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ពិសេស សហរដ្ឋអាម៉េរិកគឺជាគោលដៅនាំចេញធំមួយរបស់កម្ពុជា។
តាមរយៈវេទិកានៃកិច្ចសន្ទនានេះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និង ការពិភាក្សាផ្លាស់ប្តូរយោបល់ ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើធុរកិច្ច ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសេនាធិការ។
គួរបញ្ជាក់ថា បើតាមគម្រោងលោក ស៊ុន ចាន់ថុល នឹងដឹកនាំគណៈប្រតិភូកម្ពុជាចេញទៅបំពេញបេសកកម្មគោះទ្វារវិនិយោគ (Investment Roadshow) នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៤ នៃខែតុលា និងសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕