ភ្នំពេញ៖ កម្មវិធីលំនៅឋាននិស្សិតនៃសមាគមទាយាទខ្មែរ ក្នុងឆ្នាំ ២០២៥ កំពុងបើកទទួលពាក្យជ្រើសរើសនិស្សិតប្រុសមានជីវភាពខ្វះខាតមកពីបណ្ដាខេត្ត ដែលកំពុងបន្តការសិក្សាតាមសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃក្នុងកំឡុងពេលនៃការសិក្សាថ្នាក់បរិញ្ញាបត្រ។ អាហារូបករណ៍នេះ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។
យោងតាមសេចក្តីជូនដំណឹងនៃសមាគមទាយាទខ្មែរ លក្ខខណ្ឌនៃការជ្រើសរើស គឺតម្រូវឱ្យបេក្ខជនជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ(ទាំងបង់ថ្លៃ និងអាហារូបករណ៍) ឆ្នាំទី១ និង ទី២។ បន្ថែមពីនេះ បេក្ខភាពជានិស្សិតដែលមាន ជីវភាពខ្វះខាត លំបាក មកពីតាមបណ្តាខេត្តនានា (ជាពិសេសនិស្សិតមកពីខេត្ត ឧត្តរមានជ័យ ព្រះវិហារ និង បន្ទាយមានជ័យ) ដែលមានភាពស្មោះត្រង់ រួសរាយរាក់ទាក់ ចេះរស់នៅជាក្រុម និង មានក្រមសីលធម៌ ឧស្សាហ៍ព្យាយាម ពិសេសខិតខំ ប្រឹងប្រែងរៀនសូត្រ។
ដើម្បីដាក់ពាក្យ បេក្ខជនអាចចូលទៅកាន់តំណភ្ជាប់ https://forms.gle/kiuJY2F34FWn12Rq8 ដើម្បីបំពេញពាក្យស្នើសុំកន្លែងស្នាក់នៅ។ទំនាក់ទំនងសួរព័ត៌មានបន្ថែម សិស្សអាចទាក់ទងទៅកាន់ Facebook page: សមាគមទាយាទខ្មែរ-Khmer Heirs Association ឬ Telegram Group: https://t.me/+XOr1_Zyb1ydkODNl ឬ លេខទូរស័ព្ទ: +855 85 203 912/+855 88 57 75 985។ គួរបញ្ជាក់ថា សមាគមទាយាទខ្មែរមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៨២ឈ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕