ភ្នំពេញ៖ យុវជនបីក្រុម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម «អាជីវកម្មខ្ញុំ» ដែលជាកម្មវិធីប្រកួតក្នុងចំណោមសិស្សានុសិស្សថ្នាក់ទី១០ និងទី១១ មកពី៥រាជធានីខេត្ត រៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន។ មេដាយមាសបានទៅលើគម្រោង ចង្រ្កានទិព្វ មកពីខេត្តកែប, មេដាយប្រាក់ ៖ គម្រោង APPLICATION NOVTINA មកពី ខេត្តកំពង់ស្ពឺ, មេដាយសំរឹទ្ធិ ៖ គម្រោង ជេនស្ពាយ៍ មកពីរាជធានីភ្នំពេញ។
យោងតាមគេហទំព័រក្រសួងអប់រំ "អាជីវកម្មខ្ញុំ" ជាកម្មវិធីប្រកួតប្រជែងមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន ដើម្បីផ្តល់ឱកាសអោយយុវជន សិស្សានុសិស្ស និងនិស្សិត មកពីតាមបណ្តាគ្រឹះស្ថានសិក្សានានា ចូលរួមប្រកួតប្រជែងអំពីការរៀបចំផែនការអាជីវកម្មបែបអនុវត្តន៍ជាក់ស្តែង ហើយដែលផែនការអាជីវកម្មនោះ អាចចូលរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាសង្គម បរិស្ថាន និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។
បើតាមក្រសួងអប់រំ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាល និងវគ្គជម្រុះជាច្រើនលើក មានផែនការអាជីវកម្មរបស់សិស្សានុសិស្សថ្នាក់ទី១០ និងទី១១ ចំនួន ៥ក្រុម តំណាងឱ្យរាជធានីខេត្តចំនួន៥ បានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ រួមមាន៖ គម្រោងជេនស្ពាយ៍ មកពីរាជធានីភ្នំពេញ, គម្រោង APPLICATION NOVTINA មកពីខេត្តកំពង់ស្ពឺ, គម្រោង ក្រសាំងទាបពហុកែច្នៃ មកពីខេត្តតាកែវ, គម្រោង ផ្ទះសំណាញ់សុវត្ថិភាព មកពីខេត្តមណ្ឌលគិរី , គម្រោង ចង្រ្កានទិព្វ មកពីខេត្តកែប។ ជាលទ្ធផល មេដាយមាសបានទៅលើគម្រោង ចង្រ្កានទិព្វ មកពីខេត្តកែប, មេដាយប្រាក់ ៖ គម្រោង APPLICATION NOVTINA មកពី ខេត្តកំពង់ស្ពឺ, មេដាយសំរឹទ្ធិ ៖ គម្រោង ជេនស្ពាយ៍ មកពីរាជធានីភ្នំពេញ។
ក្រសួងបានគូសបញ្ជាក់ថា សិស្សានុសិស្ស ដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ បានទទួលនូវការបណ្តុះបណ្តាលតម្រង់ទិស ការចែករំលែកបទពិសោធន៍ពីសហគ្រិនជោគជ័យ និងវាគ្មិនល្បីៗមួយចំនួនពាក់ព័ន្ធនឹងបំណិនសហគ្រិនភាពបែបអនុវត្តន៍ជាក់ស្តែងក្នុងយុគសម័យឌីជីថល, វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ក្នុងការសរសេរផែនការអាជីវកម្ម, ការបង្កើតបណ្តាញទំនាក់ទំនង និងការសហការជាមួយសហគ្រិនជោគជ័យ , ការរៀបចំផែនការ ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ តម្រូវការ ការផ្គត់ផ្គង់ និងវិធីសាស្រ្តកាត់បន្ថយហានិភ័យ, និងបណ្តុះបំណិនសតវត្សរ៍ទី២១ ដូចជា បំណិនការងារជាក្រុម បំណិនសហការ ភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង និងបំណិនដោះស្រាយបញ្ហា។
កម្មវិធីនេះបានរៀបចំធ្វើនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការអញ្ជើញចូលរួមពី លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ អនុរដ្ឋលេខាធិការក្រសួងអប់រំ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន គណៈកម្មការដាក់ពិន្ទុ បុគ្គលិកអប់រំ មន្រ្តីសម្របសម្រួល តំណាងដៃគូរសហការ និស្សិត និងសិស្សានុសិស្សមកពី ៥រាជធានីខេត្ត សរុប ២០០នាក់៕