អាម៉េរិក៖ លោកប្រធានសន្តិភាពដូណាល់ត្រាំបានប្រកាសសម្រេចលុបចោលជំនួបរបស់លោកជាមួយនឹងមេដឹកនាំរុស្ស៊ីដែលគ្រោងនឹងធ្វើឡើងក្នុងប្រទេសហុងគ្រីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ការសម្រេចចិត្តលុបចោលជំនួបនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានបដិសេធបទឈប់បាញ់ជាមួយអ៊ុយក្រែនតាមសំណើររបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមានរបស់អាម៉េរិក។
យោងតាមសេតវិមានបានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារថា ជំនួបកំពូលរវាងលោក ដូណាល់ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនត្រូវបានលុបចោល។ ការសម្រេចចិត្តផ្អាកជំនួបកំពូលនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃចន្ទដោយលោកទាំងពីរមិនយល់ស្របក្នុងការដាក់លក្ខខណ្ឌមួយចំនួនក្នុងកិច្ចប្រជុំ។
លោក ដូណាល់ត្រាំ មានការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងការបដិសេធរបស់លោក ពូទីន ក្នុងការចរចាសន្តិភាព លោកបានគិតដោយបើកចំហអំពីការផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ ដែលអាចធ្វើឱ្យយោធារបស់អ៊ុយក្រែនវាយប្រហារគោលដៅនានានៅទីក្រុងមូស្គូ។
បន្ថែមពីនេះលោក Radosław Sikorski រដ្ឋមន្ត្រីការបរទេស និងជាឧបនាយករដ្ឋមន្ត្រីប៉ូឡូញ កាលពីថ្ងៃអង្គារ បានប្រាប់ស្ថានីយវិទ្យុប៉ូឡូញថា លោកមិនអាចធានាថា យន្តហោះរបស់លោក ពូទីន នឹងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់លំហអាកាសរបស់ប្រទេសលោកឡើយ៕