ភ្នំពេញ៖ សិស្សានុសិស្សសរុបចំនួន ១៥១នាក់ ដាក់ពាក្យប្រឡងចូលរៀននៅសាលាមធ្យមវិចិត្រសិល្បៈ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងនោះរួមមាន៖ សាលាតូរ្យតន្ត្រី ចំនួន៤៧នាក់ សាលារបាំ ចំនួន៦៧នាក់ សាលាល្ខោន ចំនួន៤នាក់ សាលាសិល្បៈសូនរូប ចំនួន២៩នាក់ និងសាលាសៀក ចំនួន៤នាក់។
សាលាមធ្យមវិចិត្រសិល្បៈ ជាគ្រឹះស្ថានរដ្ឋដ៏ធំតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះផ្នែកសិល្បៈ និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ បណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងផ្នែកសិល្បៈអត្តសញ្ញាណជាតិ ក៏ដូចជាសីលធម៌ក្នុងការរស់នៅ ទៅដល់ពន្លកទំពាំង។ សាលាមធ្យមវិចិត្រសិល្បៈ មានបែងចែកជា៥សាលាជំនាញធំៗ នៅក្នុងនោះ រួមមាន សាលារបាំ សាលាតូរ្យតន្ត្រី សាលាសៀក សាលាសិល្បៈសូនរូប និងសាលាល្ខោន។ នៅក្នុងសាលានីមួយៗ មានបែងចែកជាជំនាញច្រើនទៀត។
គួរបញ្ជាក់ថា សាលាមធ្យមវិចិត្រសិល្បៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកការប្រឡងជ្រើសរើសសិស្សចូលរៀនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាព លោក គឹម ពីនន់ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕