Img 1426
Swift cc time

យុវតី ឃុន ដាលីណា សិស្សនិទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស បានទទួលរថយន្តអគ្គិសនី នៅថ្ងៃនេះ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី ​លីតា
/

ភ្នំពេញ៖ យុវតី ឃុន ដាលីណា សិស្សនិទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស សម័យប្រឡង ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៥ បានទទួលរថយន្តអគ្គិសនី Leapmotor TO3 នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ យុវតី ឃុន ដាលីណា ជាសិស្សមកពីសាលារៀនសុវណ្ណភូមិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បេក្ខជន ឃុន ដាលីណា ជាសិស្សដែលទទួលបាននិទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស មកពីសាលារៀនសុវណ្ណាភូមិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឆ្លៀតក្នុងឱកាសនេះ ដើម្បីអបអរសាទរជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់របស់បេក្ខជនដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អ ក្រសួងអប់រំ សហការជាមួយក្រុមហ៊ុន TF Motor បានចុះមកកាន់គេហដ្ឋានរបស់បេក្ខជនផ្ទាល់ដើម្បីប្រគល់ជូនរថយន្តអគ្គិសនី Leapmotor TO3។

បើតាមក្រសួងអប់រំ លោក ហួ ឈុនគ្រី អគ្គាធិការ និងជាប្រធានគណៈគ្រប់គ្រងនាយកដ្ឋានកិច្ចការប្រឡង បានចូលរួមក្នុងពិធីប្រគល់រថយន្តអគ្គិសនី Leapmotor TO3 ជូនដល់បេក្ខជននិទ្ទេស A ដែលទទួលបាន កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស សម័យប្រឡង ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រុមហ៊ុន TF Motor ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងគ្រប់ភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ផងដែរថា ការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ពីខាងក្រុមហ៊ុន TF Motor ជូនដល់បេក្ខជនដែលទទួលបាននិទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស ក្នុងសម័យប្រឡងថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៥ គឺដើម្បីចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស៕

Khcct banner

អត្ថបទទាក់ទង