ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការដៃគូ រៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងជ្រើសរើសគម្រោងឆ្នើមប្រចាំប្រទេសនៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ២០២៥ ។ កម្មវិធីត្រូវការយុវជនដើម្បីធ្វើជាយុវជនស្ម័គ្រចិត្តរៀបចំកម្មវិធីផ្នែក ក្រុមឡូជីស្ទីក, ក្រុមស្តង់, ក្រុមរបាយការណ៍ និងពិធីការ, ក្រុមបច្ចេកវិទ្យា និងផ្សព្វផ្សាយ។
យោងតាមគេហទំព័រអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធីអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងការប្រកួតវគ្គផ្ដាច់ព័្រត្រកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំឆ្នាំ២០២៥ ត្រូវរៀបចំឡើងនៅថ្ងៃទី ៣-៤-៥ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( តិចណូ ) រាជធានីភំ្នពេញ ។ ដើម្បីរៀបចំកម្មវិធីនេះ ក្រុមការងារ ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) កំពុងជ្រើសរើសយុវជនស្ម័គ្រចិត្ត ដែលមានមហិច្ឆតា និងមានបំណងចង់រៀនអ្វីថ្មីៗ ដើម្បីចូលរួមបង្កើនបទពិសោធន៍ដ៏មានតម្លៃជាមួយក្រុមការងាររបស់យើងសម្រាប់កម្មវិធី ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត (International Volunteer Day) នៅថ្ងៃទី ០៣ ដល់ ០៥ ធ្នូ ២០២៥។
ផ្នែកទាំង៤ដែល ក្រុមការងារ ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ជ្រើសរើសរួមមាន៖
1. ក្រុមបច្ចេកវិទ្យា និងផ្សព្វផ្សាយ (Media Team): សម្រាប់អ្នកដែលចូលចិត្តថតរូប វីដេអូ ឬបង្កើតមាតិកាដែលមានភាពច្នៃប្រឌិត ដើម្បីផ្សព្វផ្សាយសកម្មភាពផ្សេងៗ។
2. ក្រុមភស្តុភារ (Logistic Team): សម្រាប់អ្នកដែលចូលចិត្តរៀបចំ បំពេញការងារគ្រប់គ្រង ការផ្គត់ផ្គង់សម្ភារៈ ឧបករណ៍ បរិក្ខារ ធនធានចាំបាច់សម្រាប់កម្មវិធី និងជួយគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាឲ្យសកម្មភាពព្រឹត្តិការណ៍កម្មវិធីប្រព្រឹត្តទៅបានរលូន និងទាន់ពេលវេលា។
3. ក្រុមរបាយការណ៍ និងពិធីការ (Reports and Protocols): សម្រាប់អ្នកដែលចូលចិត្តសរសេរ សង្ខេបព័ត៌មាន រៀបចំរបាយការណ៍ និងរៀបចំសម្របសម្រួលដល់កម្មវិធីផ្លូវការ ដើម្បីធានាឲ្យកម្មវីធីប្រព្រឹត្តទៅដោយរលូនល្អ និងសកម្មភាពយ៉ាងមានប្រសិទ្ធភាពខ្ពស់។
4. ក្រុមស្តង់ (Booth Team): សម្រាប់អ្នកដែលមានសមត្ថភាពទំនាក់ទំនងល្អ ពូកែរៀបចំ និងគ្រប់គ្រងការតាំងស្តង់បង្ហាញ ក្នុងព្រឹត្តិការណ៍ ដើម្បីផ្សព្វផ្សាយព័ត៌មាន ឬស្នាដៃឲ្យមានភាពទាក់ទាញ ។
គួរបញ្ជាក់ថា កម្មវិធីស្ម័គ្រចិត្តនេះ បើកទទួលពាក្យ ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៥ តុលា ២០២៥។ ដើម្បីដាក់ពាក្យ បេក្ខជនត្រូវបំពេញពាក្យតាមរយៈតំណភ្ជាប់ https://docs.google.com/.../1FAIpQLSeosfAPJAr.../viewform... ឱ្យបានមុនថ្ងៃទី ២៥ តុលា៕