681 ezgif.com resize
Swift cc time

កូរ៉េ នឹងផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន ជនបរទេសជាមេខ្លោងការឆបោកតាមអនឡាញដាក់ក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឲ្យចូលកម្ពុជា និងឃាត់ខ្លួនភ្លាមៗតាមច្រកព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជាពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស ខណៈកម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាមបណ្ដាច្រកទ្វារព្រំដែន។

ក្នុងជំនួបរវាងក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ លោកស្រី គីម ជីណា (KIM JINA) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស។

លោក ស សុខា ចាត់ទុកការផ្ដល់ជូននេះថា ជាស្នូលសំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ។ កម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាមបណ្ដាច្រកទ្វារព្រំដែន។

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជា បានអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ (ភាគច្រើនជាជនបរទេស) បញ្ជូនទៅតុលាការផ្ដន្ទាទោស អនុវត្តនីតិវិធីបណ្ដេញ និងបញ្ជូនចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង និងប្រតិបត្តិការសម្អាតប្រាក់ ទៅកាន់ប្រទេសក្នុងនិងក្រៅតំបន់ជាច្រើនករណី។ ប៉ុន្តែជាប្រការគួរឱ្យសោកស្ដាយ លទ្ធផលនេះ ត្រូវប្រទេស និងអង្គការអន្តរជាតិខ្លះ ផាត់ចោល ប៉ុន្តែព្យាយាម លាបពណ៌ដាក់បន្ទុក ទាំងធាតុពិត ប្រភពនៃបញ្ហាមានភាពប្រទាក់ក្រឡាជាមួយសមត្ថកិច្ចពួកគេដែរ។

ក្នុងន័យនេះ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្ឃឹមថា លោកស្រីអនុរដ្ឋមន្រ្តីទី២ នឹងចូលរួមផ្ដល់ព័ត៌មានពិតទៅកាន់ថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន និងប្រជាជនកូរ៉េ អំពីស្ថានភាពជារួមនៅកម្ពុជា ដែលលោកស្រី និងសហការី បានឃើញ បានស្វែងយល់ និងបានទទួលព័ត៌មាន ពីដំណើរទស្សនកិច្ចនេះ៕

Khcct banner

អត្ថបទទាក់ទង