ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបាន«ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize)» សម្រាប់ឆ្នាំ២០២៥ ពីគណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះការចូលរួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន។ លោក ហ៊ុន ម៉ានី នឹងដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទៅទទួលនូវ «ពានរង្វាន់ អាស៊ាន ASEAN Prize» នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់នៅក្នុងគេហទំព័រផ្លូវការថា «ពានរង្វាន់នេះ គឺជាការបង្ហាញពីសង្គមកម្ពុជាមួយដែលតែងតែរួបរួមគ្នា និងមានវត្តមានគ្រប់ទិសទីមិនថាក្នុងកាលៈទេសៈបែបណានៅតែបន្ដជួយដើម្បីប្រជាជនកម្ពុជាក្នុងស្មារតីខ្មែរតែមួយរួមគ្នាជាធ្លុងមួយ។ ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក្នុងការចូលរួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន៕»