អាម៉េរិក៖ មេយោធាផ្កាយ ៤ សហរដ្ឋអាម៉េរិកឧត្តមនាវីឯក Alvin Holsey ដែលជាមេបញ្ជាការភាគខាងត្បូងទទួលបន្ទុកវាយប្រហារកម្ទេចទូករត់ពន្ធគ្រឿងញៀនពីប្រទេសវ៉េណេស៊ុយអេឡា ចូលសហរដ្ឋអាម៉េរិក នឹងចូលនិវត្តន៍មុនការកំណត់នៅចុងឆ្នាំ ២០២៥ នេះដោយមិនបានពន្យល់មូលហេតុ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្រ្តីសង្រ្គាមរបស់អាម៉េរិកលោក Pete Hegseth តាមប្រព័ន្ធសង្គម X ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីសង្រ្គាមអាម៉េរិកលោក Pete Hegseth បានរៀបរាប់ថាក្នុងនាមនាយកដ្ឋានសង្គ្រាម យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឧត្តមនាវីឯក Alvin Holsey សម្រាប់ពេលវេលាជាង ៣៧ ឆ្នាំនៃការបម្រើជាតិដ៏មានកិត្តិយសដល់ប្រទេសជាតិរបស់យើង ដោយលោកគ្រោងនឹងចូលនិវត្តន៍នៅចុងឆ្នាំ។ មានដើមកំណើតនៅ Fort Valley រដ្ឋ Georgia ឧត្តមនាវីឯក Holsey បានធ្វើជាគំរូដល់ស្តង់ដារខ្ពស់បំផុតនៃការដឹកនាំកងទ័ពជើងទឹកអាម៉េរិកចាប់តាំងពីការតែងតាំងការងារដំបូងរបស់លោកកាលពីឆ្នាំ ១៩៨៨ ។
ការចូលនិវត្តន៍របស់លោក ឧត្តមនាវីឯក Alvin Holsey មុនពេលកំណត់នេះត្រូវបានគេមើលឃើញថាមានភាពរកាំរកូសជាមួយនឹងរដ្ឋមន្រ្តីសង្រ្គាមអាម៉េរិក Pete Hegseth ទើបឈានទៅដល់ការចូលនិវត្តន៍របស់លោកមុនពេលកំណត់។
គួរកត់សម្គាល់ថាកងកម្លាំងសហរដ្ឋអាម៉េរិកបានបំផ្លាញទូកដឹងគ្រឿងញៀនយ៉ាងតិចប្រាំគ្រឿងចាប់តាំងពីដើមខែកញ្ញា ដោយបានសម្លាប់មនុស្សជាងច្រើននាក់ លោកដូណាល់ត្រាំ នៅសប្តាហ៍នេះ បានផ្តួចផ្តើមគំនិតក្នុងការវាយប្រហារលើដីប្រឆាំងនឹងក្រុមឈ្មួញ វ៉េណេស៊ុយអេឡាម្តងទៀត ទោះបីជាលោកមិនផ្តល់ព័ត៌មានលម្អិតក៏ដោយ។
ភាពតានតឹងរវាងវ៉េណេស៊ុយអេឡា និងអាម៉េរិកកំពុងតែឈានដល់បន្ទាន់ក្រហមដោយអាម៉េរិកបានបញ្ជូននាវាចម្បាំងរាប់សិបគ្រឿង និងបានបើកភ្លើងខៀវឲ្យ CIA ធ្វើប្រតិបត្តិការនៅប្រទេសវ៉េណេស៊ុយអេឡាដោយផ្ទាល់ ដោយនេះគេសង្ស័យថាអាម៉េរិកកំពុងតែលូកដៃក្នុងការផ្តួលរលំរដ្ឋាភិបាលវ៉េណេស៊ុយអេឡាដែលដឹកនាំដោយលោក នីកូឡាស ម៉ាឌូរ៉ូ ៕