ភ្នំពេញ៖ កម្មវិធី TEDxPhnom Penh 2025 កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា ២០២៥ ជំរុញឱ្យអ្នកស្តាប់ជាង ៥៣០នាក់ យល់ថា «បញ្ហាមិនមែនជាឧបសគ្គទេ ប៉ុន្តែជាឱកាសសម្រាប់ការរីកចម្រើន»។ កម្មវិធីនេះមាន វាគ្មិន ចំនួន ១៤ នាក់ និង សិល្បករចំនួន ១៨ នាក់ ធ្វើឡើងក្រោមប្រធានបទ “ភាពធន់ និងការបង្កើតឡើងវិញ”។
TEDxPhnom Penh គឺជាកម្មវិធី TED ដែលរៀបចំដោយសេរីក្រោមអាជ្ញាប័ណ្ណ TED ដើម្បីផ្ដល់ឱកាសដល់អ្នកគិត និងអ្នកបង្កើតជនជាតិខ្មែរ និងអន្តរជាតិ ចែករំលែកគំនិត និងរឿងរ៉ាវដើម្បីបំផុសចិត្ត និងបង្កើតការផ្លាស់ប្តូរ។ ក្រៅពីការនិយាយលើឆាក TEDx អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ផ្សេងៗ ដូចជា ការសម្តែងសិល្បៈ សកម្មភាពអន្តរកម្ម និង ការបង្កើតទំនាក់ទំនង ដែលជាសារៈសំខាន់នៃគំនិត “Ideas Worth Spreading” របស់ TED។
លោក ជា សុខហ៊ី (បីល) អ្នកគ្រប់គ្រង និងម្ចាស់អាជ្ញាប័ណ្ណ នៃ TEDxPhnom Penh បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «កម្មវិធីឆ្នាំនេះ បានបង្ហាញយើងថា ភាពធន់ មិនមែនអំពីការមិនធ្លាប់បរាជ័យនោះទេ ប៉ុន្តែអំពីការរីកចម្រើនឡើងវិញ ជាមួយគោលបំណងថ្មី។ កម្លាំង និងភាពរួបរួមដែលយើងបានឃើញថ្ងៃនេះ បង្ហាញថា អនាគតកម្ពុជា កំពុង បង្កើតឡើង ដោយមនុស្សដែល ហ៊ានបង្កើតឡើងវិញ។»។
អ្នកគ្រប់គ្រង TEDxPhnom Penh បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ 2025នេះ កម្មវិធីបានរួមបញ្ចូលនូវសុន្ទរកថាជាច្រើន ពីវាគ្មិនជនជាតិខ្មែរ និងអន្តរជាតិ ដែលបានចែករំលែក អំពីភាពដឹកនាំ សិល្បៈ បច្ចេកវិទ្យា អារម្មណ៍ផ្លូវចិត្ត និងការផ្លាស់ប្តូរសង្គម។ សុន្ទរកថាទាំងនេះ ជំរុញឱ្យអ្នកស្តាប់យល់ថា បញ្ហាមិនមែនជាឧបសគ្គទេ ប៉ុន្តែជាឱកាសសម្រាប់ការរីកចម្រើន និងបង្កើតខ្លួនឯងឡើងវិញ។ បន្ថែមពីនេះ ក្រៅពីការនិយាយលើឆាក TEDx អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ផ្សេងៗ ដូចជា ការសម្តែងសិល្បៈ សកម្មភាពអន្តរកម្ម និង ការបង្កើតទំនាក់ទំនង ដែលជាសារៈសំខាន់នៃគំនិត “Ideas Worth Spreading” របស់ TED។
គួរបញ្ជាក់ថា TED គឺជាអង្គការមិនរកប្រាក់ចំណេញអន្តរជាតិ ដែលមានបំណងចែករំលែកគំនិតតាមរយៈបទនិយាយខ្លីៗ មានអានុភាព ដែលគ្របដណ្តប់ច្រើនវិស័យ ដូចជាវិទ្យាសាស្ត្រ អាជីវកម្ម វប្បធម៌ និងសង្គម។ កម្មវិធី TEDx ត្រូវបានរៀបចំដោយសហគមន៍ក្នុងតំបន់ ដើម្បីនាំគំនិតនេះមកជិតសហគមន៍ជាងមុន។ TEDxPhnom Penh 2025 ត្រូវបានរៀបចំដោយ TEDxPhnom Penh ដែលជាក្រុមការងារស្ម័គ្រចិត្ត សហការជាមួយ OMOHUB និង CICC៕