ភ្នំពេញ៖ ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានសម្ពោធដាក់ឱ្យដំណើរការ«ប្រព័ន្ធអេកូស៉ីសស្តែមអប់រំបែបឌីជីថល» នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ គម្រោងនៃកិច្ចសហប្រតិបត្តិការនេះគឺ ដេីម្បីធ្វេីទំនេីបកម្ម «កម្មវិធីអប់រំទាំងនៅកម្រិតចំណេះទូទៅ និងនៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា» ឱ្យឆ្លេីយតបទៅនឹងបរិវត្តកម្មឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។
យោងតាមគេហទំព័រក្រសួងអប់រំ នៅក្នុងឱកាសសម្ពោធនេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ បានគូសបញ្ជាក់ថា «នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រកំណែទម្រង់ ជាពិសេសគឺកំណែទម្រង់គ្រូបង្រៀនផ្សារភ្ជាប់ទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ។ ការរៀបចំនិងការដាក់សម្ពោធឱ្យដំណេីរការប្រព័ន្ធអេកូស៉ីសស្តែមអប់រំបែបឌីជីថល នៅវិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញនាពេលនេះ គឺជាលទ្ធផលនៃកិច្ចសហ្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយលេីកគម្រោងស្តីពី ការបង្កេីតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រេីប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាន និងប្រព័ន្ធផ្សព្វផ្សាយ។គម្រោងកិច្ចសហប្រតិបត្តិការនេះ គឺពិតជាមានសារៈសំខាន់ដែលមិនអាចខ្វះបាន ជាចលករជំរុញល្បឿនអប់រំតាមបែបឌីជីថល បង្កើនប្រសិទ្ធភាពសិក្សាតាមរយៈការប្រេីប្រាស់បច្ចេកវិទ្យាឱ្យកាន់តែសកម្ម ឆ្លើយតបបរិបទតំបន់ និងសាកលលោកនាពេលបច្ចុប្បន្ន។»
បន្ថែមពីនេះ ក្រសួងអប់រំ បានដាក់ចេញនូវផែនការគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យអប់រំ ដេីម្បីការលេីកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតសិក្សា ជាពិសេសកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដែលផ្តោតលេី៖ (១). ការកែលម្អកម្មវិធីបណ្ដុះបណ្ដាល និងវិក្រឹត្យការគ្រូបង្រៀន (២). ការអភិវឌ្ឍវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែប និងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនិងAI ក្នុងការបង្រៀន (៣). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមបច្ចេកវិទ្យាថ្មីៗ មន្ទីរពិសោធន៍ និងបណ្ណាល័យទំនេីប (៤). ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងគ្រប់គ្រង (៥). ការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តកម្មវិធីគរុកោសល្យ និង(៦). ការធានាគុណភាពនៃការបណ្ដុះបណ្ដាល សមាសភាពទាំង៦នេះ គឺជាធាតុដ៏ចាំបាច់ក្នុងការធានាបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់នៃការបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីសម្ពោធនេះ មានការចូលរួមពី លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ បានអញ្ជើញជាអធិបតី ក្នុង "ពិធីសម្ពោធដាក់ដាក់ឱ្យដំណេីរការប្រព័ន្ធអេកូស៉ីសស្តែមអប់រំ បែបឌីជីថល" និងមានការចូលរួមពី លោក សុខ ពុទ្ធិវុធ រដ្ឋលេខាការក្រសួងប្រៃសណីយ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពី ការបង្កេីតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រេីប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាន និងប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំក្រសួង តំណាងអង្គការដៃគូរនានារួមមាន JICA, UNICEF, UNESCO គណៈគ្រប់គ្រង នាយក នាយិកា និងលោកគ្រូ អ្នកគ្រូ ប្រមាណជា ៤០០នាក់៕