មណ្ឌលគិរី៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានប្រារព្ធកម្មវិធីដាក់ឱ្យដំណើរការអនុវត្តកម្មវិធីតំបន់ថ្មី នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពកុមារ និងពង្រឹងសិទ្ធិអំណាចសហគមន៍ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍នានា។ កម្មវិធីតំបន់កែវសីមា នឹងត្រូវអនុវត្តក្នុងឃុំចំនួន៥ ដូចជា ឃុំចុងផ្លាស់ មេម៉ង់ ស្រែឈូក ស្រែខ្ទុម និងស្រែព្រះ ដែលមានចំនួនប្រជាជនសរុបជាង ៣០.០០០ នាក់ ក្នុងនោះកុមារចំនួនជាង ១២.៣០០ នាក់។ តាមរយៈការវាយតម្លៃ កម្មវិធីនេះនឹងជួយដោះស្រាយនូវគម្លាតក្នុងវិស័យអប់រំ សុខភាព និងអាហារូបត្ថម្ភ កិច្ចការពារកុមារ និងទឹកស្អាត អនាម័យ ព្រមទាំងជីវភាពរស់នៅ។
ស្រុកកែវ សីមា ប្រឈមនឹងបញ្ហាមួយចំនួនក្នុងវិស័យអប់រំ សុខភាព ការការពារកុមារ និងទឹកស្អាត។ សាលារៀន មានហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គ្រាន់ កង្វះគ្រូបង្រៀន ខណៈដែលផ្លូវឆ្ងាយ និងបញ្ហាសេដ្ឋកិច្ចនាំឱ្យអវត្តមាន និងការបោះបង់ការសិក្សារបស់សិស្ស។ សុខភាព និងអាហារូបត្ថម្ភនៅតែជាក្តីព្រួយបារម្ភ ដោយសារលទ្ធភាពទទួលបានការថែទាំ និងបរិក្ខារមានកម្រិត។ ហានិភ័យនៃការការពារកុមារមានកម្រិតខ្ពស់ ជាមួយនឹងអាពាពិពាហ៍នៅវ័យក្មេង និងពលកម្មកុមារ ខណៈពេលដែលយន្តការរាយការណ៍មានកម្រិត។ លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យនៅមានកម្រិតនៅឡើយ ហើយគ្រួសារមួយចំនួនពឹងផ្អែកលើប្រភពទឹកមិនមានសុវត្ថិភាព និងសម្ភារៈបរិក្ខារមូលដ្ឋាន ដែលប៉ះពាល់ដល់អនាម័យ និងបង្កើនហានិភ័យជំងឺដែលឆ្លងតាមទឹក។ កម្មវិធីតំបន់កែវសីមា របស់ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងកាត់បន្ថយអត្រាបោះបង់ការសិក្សា កែលម្អសុខភាពមាតា និងទារក និងអាហារូបត្ថម្ភ ពង្រឹងប្រព័ន្ធការពារកុមារ និងការយល់ដឹងរបស់សហគមន៍ ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងបរិក្ខារអនាម័យ និងគាំទ្រដល់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព ទន្ទឹមនឹងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
អង្គការទស្សនៈពិភពលោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន អ្នកដឹកនាំសហគមន៍ និងអង្គការដៃគូ ដើម្បីធានាថា អន្តរាគមន៍ទាំងនេះប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ លោកជេនេស អ៉ីម៉ានូអ៊ែលហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា៖ « កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់កុមារ និងគ្រួសារដែលងាយរងគ្រោះ។ តាមរយៈការអនុលោមតាមអាទិភាពរបស់ រដ្ឋាភិបាល យើងនឹងពង្រឹងប្រព័ន្ធមូលដ្ឋាន កសាងសមត្ថភាពសហគមន៍ និងផ្តល់ដំណោះស្រាយប្រកប ដោយនិរន្តរភាពក្នុងការអប់រំ សុខភាព ការការពារកុមារ និងទឹកស្អាត។ តួនាទីរបស់យើងគឺដើម្បីជួយបំពេញកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដោយធានាថា រាល់អន្តរាគមន៍ពង្រឹងសិទ្ធិអំណាចដល់សហគមន៍ និងបង្កើតការផ្លាស់ប្តូរយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ»។
ចំណែកឯ លោក ប្លង់ ចាន់ឌី ប្រធានការិយាល័យគាំទ្រផែនការស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបង្ហាញពីសុទ្ធិដ្ឋិនិយមខ្ពស់ចំពោះការចាប់ផ្តើមកម្មវិធីតំបន់កែវសីមា នាពេលនេះ។ លោក បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈម ចាប់ពីការកែលម្អការអប់រំ និងការថែទាំសុខភាព ដល់ការធានាការការពារកុមារ និងលទ្ធភាពទទួលបានទឹកស្អាត។ លោក ប្លង់ ចាន់ឌី សង្កត់ធ្ងន់ថា៖ «សម្រាប់គ្រួសារដែលរស់នៅក្នុងស្ថានភាពដាច់ស្រយាល និងងាយរងគ្រោះ កម្មវិធីនេះផ្តល់ក្តីសង្ឃឹមសម្រាប់អនាគតកាន់តែប្រសើរឡើង។ យើងប្តេជ្ញាធ្វើការជាមួយអង្គការទស្សនៈពិភពលោក ដើម្បីធ្វើឱ្យផែនការទាំងនេះក្លាយជាការពិត និងធានាថាផលប៉ះពាល់មាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ»។
គួរបញ្ជាក់ថា កែវសីមា ជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំក្នុងខេត្តមណ្ឌលគិរី ដែលមានទីតាំងនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ស្រុកនេះមានឃុំចំនួនប្រាំ គឺឃុំចុងផ្លា មេម៉ាង ស្រះឈូក ស្រែខ្ទុម និងឃុំស្រែព្រះ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៧.០៥១ ខ្នងផ្ទះ និង ៧.៣៩៥ គ្រួសារ។ ប្រជាជនមានភាពចម្រុះរួមមាន ខ្មែរ (៤៥%) ជនជាតិដើមភាគតិចពូនង (៤០%) ខ្មែរឥស្លាម (៩%) ស្ទៀង (៤%) និងជនជាតិផ្សេងទៀត (២%)។ តំបន់នេះជាតំបន់ជនបទដាច់ស្រយាល ដោយមានដង់ស៊ីតេប្រជាជន ១០,២៨នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ និងអត្រាកំណើនប្រចាំឆ្នាំ ៣,៨%។ គ្រួសារភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម ជាពិសេសការដាំដុះស្រូវ កៅស៊ូ ស្វាយ ចន្ទី និងដំណាំដំឡូងមី ខណៈខ្លះទៀតធ្វើការក្នុងសេវាសាធារណៈ៕