681 ezgif.com resize
Swift cc time

មន្ទីរអប់រំក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ឧបត្ថម្ភ«កុំព្យូទ័រយូរដៃ» ជូនដល់សាលារៀនគោលដៅចំនួន១០ ដើម្បីដំណើរការក្លឹបឌីជីថលក្រៅម៉ោងសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ បានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រយូរដៃ ដែលត្រូវបានឧបត្ថម្ភដោយ មន្ទីរអប់រំក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ជូនដល់សាលារៀនគោលដៅចំនួន១០ មកពីខេត្តចំនួន០៦ រួមមាន តាកែវ កំពត កំពង់ចាម សៀមរាប ស្ទឹងត្រែង និងបាត់ដំបង សម្រាប់ដំណើរការក្លឹបឌីជីថលក្រៅម៉ោងសិក្សាជូនដល់សិស្សានុសិស្សដែលចាប់អារម្មណ៍ការអប់រំសរសេរកូដ ការអភិវឌ្ឍកម្មវិធីទូរសព្ទដៃ និងការអប់រំបង្កើតហ្គេម (GCC) ដែលជាកម្មវិធីអប់រំនវានុវត្តន៍ឌីជីថល សម្រាប់ជំរុញលើកកម្ពស់សមត្ថភាពដល់សិស្សានុសិស្សជាពិសេសសិស្សស្រីឱ្យបន្តចាប់យកជំនាញ STEM និងបច្ចេកវិទ្យា សម្រាប់សិក្សានៅថ្នាក់ឧត្តមសិក្សា និងចាប់យកអាជីពការងារលើវិស័យទាំងនេះឱ្យកាន់តែច្រើនឡើងនាពេលអនាគត។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា សាលារៀនដែលបានជ្រើសរើសខាងលើ ជាសាលារៀនដែលនៅតំបន់ដាច់ស្រយាល មិនមានបន្ទប់កុំព្យូទ័រ សម្រាប់ដំណើរការបង្រៀន និងរៀនកម្មវិធីអប់រំបច្ចេកវិទ្យាឌីជីថលបានពេញលេញទេ ប៉ុន្តែជាសាលារៀនដែលបានអនុវត្តកម្មវិធីអប់រំឌីជីថលឈានមុខ ដោយបានបង្រៀនសិស្សានុសិស្សទទួលបានលទ្ធផលល្អ អាចចូលរួមប្រកួតកម្មវិធីប្រកួតប្រជែងទាំងក្នុងប្រទេស និងកម្រិតអន្តរជាតិ។

ពិធីប្រគល់-ទទួលនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ ព្រមទាំងវត្តមានគណៈគ្រប់គ្រង និងគ្រូបង្គោល ICT ប្រចាំសាលារៀនទាំង១០ផងដែរ។ រដ្ឋលេខាធិការប្រចាំការរូបនេះ បានលើកឡើងថា ការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការសិក្សា ពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យសិស្សានុសិស្សអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អាជីពការងារដែលមិនអាចខ្វះបានក្នុងបរិបទថ្មីនេះ ហើយលើសពីនេះយើងត្រូវចាំបាច់នូវការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យទទួលបានការបណ្ដុះបណ្ដាលការប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ការបង្រៀននិងរៀនឱ្យស្របនឹងវិធីសាស្ត្រនៃការអប់រំក្នុងសតវត្សទី២១ ដើម្បីឱ្យសិស្សានុសិស្សយើងទទួលបានបទពិសោធន៍ការសិក្សាដែលមានលក្ខណៈទំនើប អន្តរកម្ម និងអាចស្វ័យសិក្សាបានដោយខ្លួនឯង។

លោកស្រី គឹម សេដ្ឋានី បានលើកទឹកចិត្តដល់សាលារៀនគោលដៅដែលទទួលបានសម្ភារៈនាពេលនេះ យកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការបង្រៀន និងរៀនដល់សិស្សានុសិស្សតាមរយៈការអនុវត្តកម្មវិធីអប់រំឌីជីថលដោយបានបង្កើតជាក្លឹបសិក្សាឌីជីថលក្រៅម៉ោង បន្ថែមលើមុខវិជ្ជា ICT ដែលមានស្រាប់។ គណៈគ្រប់គ្រងសាលារៀន ត្រូវខិតខំផ្លាស់ប្តូរសាលារៀនដែលមិនមានសិស្សចង់រៀនមុខវិជ្ជាបច្ចេកវិទ្យាឌីជីថល ទៅជាសាលារៀនដែលឈានមុខក្នុងការអនុវត្តកម្មវិធីសិក្សាបច្ចេកវិទ្យាបែប ទំនើប ដោយសិស្សានុសិស្សអាចសិក្សាតាមគោលវិធីសាស្ត្រថ្មី ដូចជាការផ្សារភ្ជាប់បច្ចេកវិទ្យានឹងការអប់រំបំណិនជីវិត ការសិក្សាតាមបែបគម្រោងជាដើម។ លោកគ្រូ អ្នកគ្រូបង្គោលនៅតាមសាលារៀនខាងលើ ត្រូវដឹកនាំសិស្សានុសិស្សឱ្យចេះស្វ័យសិក្សា បង្កើតចំណេះដឹងជំនាញឌីជីថលចាំបាច់ដោយខ្លួនឯងតាមរយៈកម្មវិធីឌីជីថលជាច្រើន និងលើកទឹកចិត្តសិស្សឱ្យចូលរួមប្រកួតប្រជែងកម្មវិធីបច្ចេកវិទ្យាកម្រិតសាកលលោក

Khcct banner

អត្ថបទទាក់ទង