681 ezgif.com resize
Swift cc time

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ជ្រើសរើស«ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ»សម្រាប់ឆ្នាំ២០២៥

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពី៖ គេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ 

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ប្រឡងប្រជែងដើម្បីម្រើការនៅ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។ ការប្រឡងនឹងចាប់ផ្តើមផ្តល់ពាក្យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ហើយទទួលពាក្យមកវិញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា លក្ខខណ្ឌនៃការជ្រើសរើស តម្រូវឱ្យបេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងមានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់។ ជាពិេស ត្រូវមានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានពិរុទ្ធភាពកន្លងមក ព្រមទាំងមានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យភ្នែក ត្រចៀក ច្រមុះ មាត់ បេះដូង ថ្លើម សួត ជំងឺរបេង អេដស៍ ក្រុមឈាម និងតេស្តរកសារធាតុញៀន)។ បេក្ខជនមិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់ ហើយ បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់ ១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រ នឹងកម្ពស់។ បេក្ខជន ត្រូវមានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រមានតម្លៃស្មើ និងមានអាយុយ៉ាងច្រើន ត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រមានតម្លៃស្មើឡើង និងមាន អាយុយ៉ាងច្រើនត្រឹម ៣៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។

បើតាមប្រភពដដែល ការប្រឡងនឹងចាប់ផ្តើមផ្តល់ពាក្យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ហើយទទួលពាក្យមកវិញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ទីកន្លែងផ្តល់និងទទួលពាក្យ នៅនាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។ ចំណែកឯ កាលបរិច្ឆេទនិងមណ្ឌលប្រឡង នឹងជូនដំណឹងនៅពេលក្រោយ។ បេក្ខជនម្នាក់ៗតម្រូវឱ្យចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីស្នើសុំសិទ្ធិប្រឡងប្រជែង ដោយត្រូវ បំពេញព័ត៌មានបឋមតាមតំណភ្ជាប់ (https://gdhr.interior.gov.kh/appform/request?recruit=gddte) ឬ ស្តែន QR CODE រួចបោះពុម្ព(Print)បង្កាន់ដៃស្នើសុំពាក្យ ទុកបង្ហាញដល់អនុគណៈកម្មការផ្តល់ពាក្យនិង ទទួលពាក្យបេក្ខជន នៅទីកន្លែងផ្តល់ពាក្យសុំចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

គួរបញ្ជាក់ថា នៅពេលបេក្ខជនម្នាក់ៗមកទទួលពាក្យសុំចូលបម្រើការងារ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា បង្កាន់ដៃស្នើសុំពាក្យ ដែលបានស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា, សញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា(ច្បាប់ដើមនិងថតចម្លង), សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត(ច្បាប់ដើមនិងថតចម្លង), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើមនិងថតចម្លង), សៀវភៅស្នាក់នៅ និង/ឬសៀវភៅគ្រួសារ(ច្បាប់ដើមនិងថតចម្លង)៕

Khcct banner

អត្ថបទទាក់ទង