ចិន៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានគូសបញ្ជាក់ថាប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ និងការទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើងបន្តទៀត ហើយប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីកូរ៉េខាងជើង ដើម្បីអនុវត្តតាមការណែនាំរួមគ្នារបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ និងជំរុញវឌ្ឍនភាពថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ ការប្រកាសរបស់នាយរដ្ឋមន្រ្តីចិនរូបនេះធ្វើឡើងក្នុងកំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងអបអរសាទរខួប ៨០ ឆ្នាំនៃការបង្កើតគណបក្សពលករកូរ៉េចាប់តាំងពីឆ្នាំ ១៩៤៥-២០២៥។
នាយករដ្ឋមន្រ្តីចិនលោក Li Qiang ដែលជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានពាំនាំនូវការនឹករលឹកដ៏ស្និទ្ធស្នាលរបស់លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជូនពរលោកគីមជុងអ៊ុន ក៏ក្នុងខួប ៨០ឆ្នាំនៃការបង្កើតបង្កើតគណបក្សពលករកូរ៉េ។ លោក Li បានចាត់ទុកទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងកំពុងតែឈានក្នុងកម្រិតខ្ពស់ និងមានការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរគឺជាគោលនយោបាយមិនផ្លាស់ប្តូររបស់ចិន និងកូរ៉េខាងជើង។
បើតាមលោក Li ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីកូរ៉េខាងជើង ដើម្បីអនុវត្តតាមការណែនាំរួមគ្នារបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ និងជំរុញវឌ្ឍនភាពថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយកូរ៉េខាងជើង ដើម្បីបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ និងសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិ និងតំបន់។
ជាការឆ្លើយតបមេដឹកនាំកូរ៉េខាងជើងបានអះអាងថា ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរនៅតែជាជំហរមិនផ្លាស់ប្តូររបស់គណបក្ស និងរដ្ឋាភិបាលនៃកូរ៉េខាងជើង។ លោកបានបន្ថែមថា នេះបម្រើផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។
លោកគីមសង្គត់ធ្ងន់ថាកូរ៉េខាងជើងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ចិនតែមួយ ប្រឆាំងដាច់ខាតចំពោះសកម្មភាពផ្តាច់ខ្លួនរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅណាមួយ ព្រមទាំងគាំទ្រជំហររបស់ចិនលើបញ្ហាទាក់ទងនឹងហុងកុង ស៊ីនជាំង និងស៊ីនជាំង។លោកបានបន្ថែមថា កូរ៉េខាងជើងមានឆន្ទៈរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ជំរុញការអភិវឌ្ឍន៍នៃបុព្វហេតុសង្គមនិយមរៀងៗខ្លួន និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕