Cctimesw1140xh150cm copy

ប្រវត្តិកម្សត់របស់យុវជនយឿន ពិសី ម្ចាស់ជ័យលាភីពានរង្វាន់លេខ១នៃកម្មវិធី Cambodia's Got Talent

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
(រូបភាពដោយ៖ យឿន ពិសី Yoeun Pisey)

ភ្នំពេញ៖ យុវជន យឿន ពិសី ជាម្ចាស់ជ័យលាភីពានរង្វាន់លេខ១ នៃកម្មវិធី Cambodia's Got Talent ឆ្នាំ២០១៤ របស់ស្ថានីយកញ្ចក់ទូរទស្សន៍ហង្សមាស ។ សូមបញ្ជាក់ថា យឿន ពិសី មានស្រុកកំណើត នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយជាកូនទីពីរក្នុងចំណោមសមាជិកបងប្អូន ០៧នាក់ក្នុងគ្រួសារកម្សត់កម្រមួយ។ ស៊ីស៊ីថាមស៍បានធ្វើការសម្ភាសន៍ជាមួយយុវជន យឿន ពិសី នូវជីវប្រវត្តិផ្ទាល់ខ្លួនមួយចំនួន នាបច្ចុប្បន្ន និងចក្ខុវិស័យនាពេលអនាគតរបស់ខ្លួន។


យុវជន យឿន ពិសី និយាយថា « ខ្ញុំរៀននៅវិទ្យាល័យអប់រំពិសេស តាំងពីពេលដែលខ្ញុំចូលរៀនមកម៉្លេះ។ កាលពីខ្ញុំនៅក្មេង ខ្ញុំស្រឡាញ់សិល្បៈណាស់ ជាពិសេសការច្រៀងនិងតែម្ដង។ អ្វីដែលខ្ញុំតែងតែសប្បាយចិត្ត និងចងចាំមិនភ្លេចនោះ គឺអ៊ំពូមីងទាំងអស់គ្នា ដែលកាលនោះ ខ្ញុំតែងតែច្រៀងឲ្យពួកគាត់ស្ដាប់ នៅពេលដែលពួកគាត់សំណូមពរ ហើយពួកគាត់តែងតែសរសើរខ្ញុំរហូតថា ខ្ញុំច្រៀងពិរោះ ខ្ញុំសប្បាយចិត្តណាស់។ លោកតាលោកយាយរបស់ពិសី ជាអ្នកសម្ដែងល្ខោន »។


យុវជន យឿន ពិសី បន្តថា «បើនិយាយពីខ្សែជីវិតរបស់ខ្ញុំវាពិតជាវែងឆ្ងាយណាស់។ កាលពីឆ្នាំ ២០១២ ខ្ញុំធ្លាប់ទទួលបានជោគជ័យក្នុងវិស័យសិល្បៈម្ដងហើយ ដែលកាលនោះគឺខ្ញុំបាទចូលរួមប្រឡងកម្មវិធីមួយឈ្មោះថា «មហោស្រពតន្ត្រីចម្រៀងកុមារកម្ពុជា» ដែលធ្វើឡើង នៅស្ថានីយទូរទស្សន៍ទទក»។


យុវជន វ័យ ២០ឆ្នាំរូបនេះ បន្ថែមថា «កាលនោះខ្ញុំប្រលងជាក្រុមមាន ០៤នាក់ប៉ុណ្ណោះ តែអ្វីដែលខ្ញុំសប្បាយចិត្តជាងគេនិងមានមោទនភាពចំពោះខ្លួនឯង គឺព្រោះខ្ញុំអាចយកជ័យលាភីមកឲ្យខ្លួនឯងបានជាប់លេខ ២ ។ មកដល់ឆ្នាំ ២០១៤ ខ្ញុំបានជោគជ័យក្នុងវិស័យសិល្បៈម្ដងទៀត គឺនៅក្នុងកម្មវិធី Cambodia's Got Talent របស់ស្ថានីយកញ្ចក់ទូរទស្សន៍ ហង្សមាស។ ខ្ញុំពិតជារំភើបខ្លាំងណាស់នៅពេលដែលខ្លួនឯងអាចឆ្លងមកដល់វគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានពានរង្វាន់លេខ ១ ប្រចាំទូរទស្សន៍ ហង្សមាស»។


ថ្លែងពីកាលកុមារភាពដ៏គួរឱ្យស្រក់ទឹកភ្នែករបស់យុវជន យឿន ពិសី ដែលកាលនៅតូចគ្រាន់តែជាក្មេងប្រុសម្នាក់ដែលដើរសុំទានគេតាមផ្សារប៉ុណ្ណោះ។ ពិសី និងបងប្រុសម្នាក់ទៀត ពួកគេទាំងពីរបានដើរសុំទានគេតាមផ្សារ ព្រោះកាលនោះបើនិយាយពីជីវភាពគ្រួសារវិញខ្វះខាតខ្លាំងតែម្ដង។ ម្យ៉ាងអ្នកម្ដាយក៏ឈឺរហូត រីឯលោកឪពុកបានស្លាប់តាំងពីពេលពិសីមានអាយុ ៧ឆ្នាំមកម្ល៉េះ។ ជីវិតដែលជាក្មេងសុំទាន នៅពេលកុមារភាព យឿន ពិសី តែងតែទទួលការមើលងាយពីបណ្ដាមនុស្សមួយចំនួន ប៉ុន្តែក៏មានមនុស្សមួយចំនួនធំដែលចូលចិត្ត និងអាណិតអាសូរមកដល់ពិសីដែរ។


យឿន ពិសី ថ្លែងបន្តថា «ជីវិតខ្ញុំរស់បានដោយសារច្រៀង និងផ្លុំខ្លុយ គឺខ្ញុំយកសំឡេងលក់ ដើម្បីប្ដូរយកថវិកាមកផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំព្រមទាំងជួយទិញថ្នាំជូនម្ដាយដែលគាត់ឈឺផងដែរ។ ខ្ញុំតែងតែដើរច្រៀងសុំលុយគេរហូតដល់ពេលមួយ គឺជាពេលដែលមានសំណាងជាងគេក្នុងជីវិតគឺពេលដែលខ្ញុំបានស្គាល់អ្នកមីងម្នាក់ដែលគាត់លក់អីវ៉ាន់ចាប់ហួយនៅផ្សារ ដែលខ្ញុំតែងតែទៅច្រៀងសុំលុយគេរាល់ថ្ងៃ។គាត់ជាមនុស្សស្រីម្នាក់ដែលមានចិត្តល្អខ្លាំងណាស់។ គាត់ចូលចិត្តស្រលាញ់ខ្ញុំណាស់ ជាពិសេសចូលចិត្តឲ្យខ្ញុំច្រៀងឱ្យគាត់ស្ដាប់តែម្ដង» ។


យុវជន ពិសី រៀបរាប់ថា ជាភ័ព្វសំណាង អ្នកមីងខាងលើបានស្គាល់លោកពូម្នាក់ធ្វើការនៅស្ថានីយទូរទស្សន៍ CTN។ គាត់សន្យានឹងពិសីថា «បើក្មួយច្រៀងពិរោះបែបនេះ មីងនឹងយកក្មួយទៅច្រៀងនៅប៉ុស្តិ៍ទូរទស្សន៍ គឺច្រៀងនៅលើឆាកណាក្មួយ»។ ពិសីគ្រាន់តែលឺភ្លាមក៏រំភើបចិត្តណាស់។ គាត់បានបទចម្រៀងមួយបទឲ្យពិសីហាត់ច្រៀង ដែលមានចំណងជើងថា«ជីវិតក្មេងវត្ត» ហើយបទចម្រៀងនោះ ពិសីរៀនឆាប់ចេះ ត្រឹមតែមួយថ្ងៃអាចឱ្យពិសីចាំបាន។


ក្រោយមក ពិសី ត្រូវបានឡើងបញ្ចេញសមត្ថភាពនៅលើឆាកតន្ត្រីក្នុងកម្មវិធី«មន្តស្នេហ៍សំនៀង»របស់ស្ថានីយទូរទស្សន៍ CTN។ ច្រៀងចប់បទចម្រៀងមួយបទ ចៃដន្យល្អមែនទែន សម្ដេច ហ៊ុន សែនក៏បានទស្សនាការផ្សាយផ្ទាល់មួយនេះចេញពីទូរទស្សន៍ដែរ។ ពិសីក៏ទទួលបានថវិកាពីលោកចំនួនមួយពាន់ដុល្លារ(១០០០ដុល្លារ)។ ពិសីពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ ដោយយកប្រាក់ទាំងអស់នោះទៅផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានធូរធារជាងមុន។ ដល់ឆ្នាំ ២០១០ ខ្ញុំបានចូលរៀនដូចក្មេងដទៃដែរ ប៉ុន្តែខ្ញុំរៀននៅសាលាវិទ្យាល័យអប់រំពិសេស ដែលសាលានោះទទួលបង្រៀនសិស្សពិការភ្នែក និងសិស្សគថ្លង់។


យុវជន យឿន ពិសី ថា «កាលនោះគ្រូបង្រៀនរបស់ខ្ញុំម្នាក់ឈ្មោះ លោកគ្រូ គឹម ដាសក្ដិ គាត់បានចូលរួមនិពន្ធបទចម្រៀងមួយបទជូនខ្ញុំជាពិសេស ដែលបទចម្រៀងមួយបទនោះមានចំណងជើង៖«ជីវិតក្មេងកំសត់ » រហូតដល់ពេលមួយគេហៅខ្ញុំទៅសម្ភាសន៍នៅស្ថាននីយ៍ទូរទស្សន៍ CTN ម្ដងទៀត។ ខ្ញុំក៏បានលើកយកបទ «ជីវិតក្មេងកំសត់» នេះទៅបកស្រាយផងដែរ។


យុវជន ពិសី ប្រាប់ថា «សព្វថ្ងៃនេះពិសីក៏នៅសិក្សា ហើយក៏ជាអ្នកចម្រៀងកុងត្រាប្រចាំទូរទស្សន៍ហង្សមាសផងដែរ។ ជីវភាពគ្រួសាររបស់ខ្ញុំពេលបច្ចុប្បន្ននេះ បានធូរធារច្រើនហើយ។ ហើយនៅពេលរៀនចប់ អ្វីដែលខ្ញុំចង់រៀន និងស្រឡាញ់ជាងគេ គឺសិល្បៈ តន្ត្រីសម័យ តន្ត្រីបុរាណ និងការតែងនិពន្ធ ព្រោះខ្ញុំស្រលាញ់ បើនិយាយពីមុខរបរអ្នកចម្រៀងនេះ គឺជួយគ្រួសារខ្ញុំបានច្រើនណាស់។ អនាគតទៅមុខខ្ញុំក៏ចង់ក្លាយជាអ្នកនិពន្ធបទចម្រៀងសម្រាប់ខ្លួនឯងដែរ។ ក្រៅពីធ្វើជាតារាចំរៀង ខ្ញុំមានរបរមួយទៀតដែរគឺអ្នកលេងអកកាដង់»។


ជាចុងក្រោយ យុវជនដែលធ្លាប់មានប្រវត្តិលំបាករូបនេះ សូមថ្លែងអរគុណ និងសូមគោរពជូនពរពុកម៉ែបងប្អូនទាំងអស់ ឲ្យជួបប្រទះតែសុខចំរើនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ សូមនឹកគុណទៅដល់លោកពុក និងអ្នកម្ដាយបង្កើតរបស់ខ្លួន ឱ្យខ្លួនបានស្គាល់មេរៀនជីវិតមួយនេះ ដែលបង្រៀនឱ្យចេះតស៊ូក្នុងជីវិត ចេះដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារ ស្រលាញ់បងប្អូនទៅវិញទៅមក ស្គាល់ពីភាពទុក្ខលំបាកនានា ស្គាល់ពីរសជាតិជីវិតដែលក្រកម្សត់កន្លងមក។ សូមអរគុណដល់ អ៊ំ ពូ មា មីង ពុកម៉ែ បងប្អូនទាំងអស់ ដែលបានគាំទ្ររូបខ្លួនកន្លងមក។ អរគុណដល់អ្នកមីងម្នាក់ដែលជួយជ្រោមជ្រែងពិសីឲ្យមានឱកាសដូចពេលនេះ។ អរគុណលោកគ្រូដែលបានតាក់តែងនិពន្ធបទចម្រៀងមួយបទ ដែលនិយាយរៀបរាប់ពីខ្សែជីវិតរបស់ខ្លួន ដែលចងចាំគ្មានថ្ងៃមិនភ្លេចបាន៕​ 

យុវជន យឿន ពិសី ជាជ័យលាភីពានរង្វាន់លេខ១ នៃកម្មវិធី Cambodia's Got Talent ឆ្នាំ២០១៤

(រូបភាពដោយ៖ កម្មវិធី Cambodia's Got Talent ឆ្នាំ២០១៤ របស់ស្ថានីយកញ្ចក់ទូរទស្សន៍ហង្សមាស)

(រូបភាពដោយ៖ យឿន ពិសី Yoeun Pisey)
យុវជន យឿន ពិសី​ នៅក្នុងកម្មវិធីមង្គលការបស់ប្រិយមិត្ត (រូបភាពដោយ៖ យឿន ពិសី Yoeun Pisey)
(រូបភាពដោយ៖ យឿន ពិសី Yoeun Pisey)
(រូបភាពដោយ៖ យឿន ពិសី Yoeun Pisey)

យុវជន យឿន ពិសី ជាជ័យលាភីពានរង្វាន់លេខ១ នៃកម្មវិធី Cambodia's Got Talent ឆ្នាំ២០១៤

(រូបភាពដោយ៖ កម្មវិធី Cambodia's Got Talent ឆ្នាំ២០១៤ របស់ស្ថានីយកញ្ចក់ទូរទស្សន៍ហង្សមាស)


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង