681 ezgif.com resize
Swift cc time

ក្រសួងព័ត៌មានបានកត់ត្រា«ព័ត៌មានក្លែងក្លាយចំនួន ១០៥៣ ករណី» ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ព្រៃវែង៖ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានបានរកឃើញ និងកត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ក្នុងនោះព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃមានដល់ទៅ៨៥៧ករណី ដែលបង្កើតឡើងដោយមនុស្សជ្រុលនិយម និងការប្រើបច្ចេកវិទ្យា AI ។  ការលើកឡើងនេះ ធ្វើឡើងនៅក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង នាព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយទាំងនោះ ធ្វើឱ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់កងទ័ព ក៏ដូចជាប៉ះពាល់ទៅដល់ការអនុវត្ត យន្តការផ្នែកបច្ចេកទេសនិងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងស្ថាប័នមានសមត្ថកិច្ច ខិតខំសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជាមួយនឹងភាគីថៃ។

លោក ទេព អស្នារិទ្ធ បានបង្ហាញពីវិធានការទប់ស្កាត់ ព័ត៌មានក្លែងក្លាយដែលបានរកឃើញទាំងអស់នោះ ដោយគូសបញ្ជាក់ថា «ក្រសួងព័ត៌មានបានសហការជាមួយនឹងក្រសួងប្រៃសណីយ៍ ក្រសួងមហាផ្ទៃ ក្នុងការធ្វើ report នូវមាតិកាទាំងនោះ ជាមួយនឹងក្រុមហ៊ុន មេតា និងក្រុមហ៊ុន តិកតុក ដើម្បីបង្ហាញអំពីការរំលោភបំពានទៅលើក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផង ហើយក៏ជាការធ្វើខុសទៅនឹង គោលការណ៍ នៅក្នុងការប្រើប្រាស់ ហ្វេសប៊ុក ឬក៏ តិកតុក ផងដែរ។» ។

តាមរយៈវិធានការនេះ ក្រសួងបានដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងការរំលោភបំពានក្រមសីលធម៌ ក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមទាំងពីរនេះ គឺបានប្រមាណ ៣០ ករណី។ ជាមួយគ្នានេះ ក្រសួងសហការជាមួយម្ចាស់គណនី និងផេកបណ្តាញសង្គម ដែលបានផ្សាយខុស ដោយបានស្នើឱ្យដកមាតិកាចេញ ដើម្បីកុំឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ និងប៉ះពាល់ដល់សន្តិសុខជាតិ ព្រមទាំងតម្រង់ទិសលើក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយ សរុប១៥៥ករណី៕

Khcct banner

អត្ថបទទាក់ទង