681 ezgif.com resize
Swift cc time

ក្រសួងប្រៃសណីយ៍ ជ្រើសរើសនិស្សិតស្ម័គ្រចិត្ត ៣០០នាក់ ចូលរួមរៀបចំ «វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) ជ្រើសរើសនិស្សិតដែលកំពុងសិក្សាជំនាញ បច្ចេកវិទ្យាឌីជីថល ភាសាអង់គ្លេស ឬទំនាក់ទំនងអន្តរជាតិ សរុបចំនួន ៣០០នាក់ ដើម្បីចូលរួមរៀបចំ “វេទិការដ្ឋាភិបាល ឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅ មណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងប្រៃសនីយ៍ «វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥» គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបាន ផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាល ឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្ម ជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម។

និស្សិតស្ម័គ្រចិត្តសរុបចំនួន ៣០០នាក់ រួមមាននិស្សិតស្ម័គ្រចិត្តចំនួន ២៥០នាក់ សម្រាប់ចូលរួមរៀបចំក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ដែលតម្រូវតែជានិស្សិតកំពុងសិក្សាជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលចាប់ពីឆ្នាំទី៣ ឡើងទៅ។ រីឯ និស្សិតស្ម័គ្រចិត្តចំនួន ៥០នាក់ សម្រាប់ចូលរួមជាមន្ត្រីទំនាក់ទំនង (Liaison Officer) គឺតម្រូវឱ្យជានិស្សិតកំពុងសិក្សាជំនាញពាក់ព័ន្ធនឹងភាសាអង់គ្លេស ឬទំនាក់ទំនងអន្តរជាតិ ចាប់ពីឆ្នាំទី៣ ឡើងទៅ។

បើតាមប្រភពដដែល លក្ខណៈសម្បត្តិទូទៅសម្រាប់ជ្រើសរើស គឺតម្រូវឱ្យនិស្សិតទាំង ៣០០រូប មានចំណេះដឹងភាសាអង់គ្លេសដែលអាចប្រើប្រាស់បាន, មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ, មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ, មានសមត្ថភាពដោះស្រាយបញ្ហា និងមានភាពបត់បែន, មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម, មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម, មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត និងទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។

អត្ថប្រយោជន៍ ដែលនិស្សិតស្ម័គ្រចិត្តទទួលបានរួមមាន បទពិសោធការងារជាក្រុម និងបំណិនជំនាញទន់ (Soft Skill), ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម, ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល , យល់ដឹងអំពីឧត្តមានុវត្តន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់រដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំៗ និងស្ថាប័នស្រាវជ្រាវកម្រិតជាតិ និងអន្តរជាតិ, សាកល្បងប្រើប្រាស់ឧបករណ៍ឌីជីថលដោយផ្ទាល់, ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ។

និស្សិតដែលមានចំណាប់អារម្មណ៍ អាចបំពេញពាក្យស្នើសុំតាមរយៈ https://go.gov.kh/dgc/volunteer2025 ឱ្យបានត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី។ ក្រសួងបានគូសបញ្ជាក់ថា និស្សិតដែលគ្រប់លក្ខខណ្ឌនឹងជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) ហើយនឹងត្រូវជូនដំណឹង ឱ្យមកសម្ភាសន៍ជាមួយគណៈកម្មការជ្រើសរើស។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៩២ ៨៨៦ ២៤២/០៩៦ ៧៧៧ ៧៥១៥ ឬអ៊ីមែល [email protected]


Khcct banner

អត្ថបទទាក់ទង