ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ស្តីពី ការជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន និងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ ដើម្បីបង្កើនប្រសិទ្ធភាពការបង្រៀន និងកនិងការរៀនសូត្រនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់ស្របតាមនិន្នាការពិភពលោក។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានសម្តែងនូវក្តីរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះសហការរវាងក្រសួងទាំងពីរនាពេលកន្លងមក និងបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដោយបានលើកឡើងថា «ការបញ្ចូលជំនាញឌីជីថលទៅក្នុងប្រព័ន្ធអប់រំគឺជាតម្រូវការចាំបាច់មួយសម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស។ ក្រសួងនឹងផ្តោតលើការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT និងការផ្តល់ជំនួយផ្នែកបច្ចេកទេសក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញឌីជីថលដែលមានគុណភាពខ្ពស់ ជាពិសេសចូលរួមសហការក្នុងការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ។»។
ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា ក្រសួងអប់រំ បាននិងកំពុងជំរុញការកែទម្រង់កម្មវិធីសិក្សាតាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀនលើបច្ចេកវិទ្យាថ្មីៗ និងការបង្កើតនូវធនធានរៀននិងបង្រៀនតាមប្រព័ន្ធឌីជីថលជាដើម។ លោកក៏បានបង្ហាញគាំទ្រទៅលើការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំផងដែរ ដោយលើកឡើងថា គម្រោងនេះនឹងក្លាយជាកត្តាដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការបង្រៀន និងកនិងការរៀនសូត្រនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់ស្របតាមនិន្នាការពិភពលោក។
គួរបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ AI នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់ បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនេះ ដោយមានការគាំទ្រពីក្រសួងអប់រំ និង ក្រសួងប្រៃសណីយ៍ មជ្ឈមណ្ឌលនេះនឹងមានសក្តានុពលក្នុងការបង្កើនគុណភាពនៃការអប់រំ តាមរយៈការបង្កើតការផ្លាស់ប្តូរវិធីសាស្ត្រនៃការបង្រៀន និងរៀន ដោយប្រើប្រាស់បច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយ សំដៅជំរុញគុណភាពអប់រំប្រកបដោយបរិយាបន្ន ទំនួលខុសត្រូវ សីលធម៌ និងសមធម៌ និងស្របតាមបរិបទសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា៕