ទីក្រុងសៀងហៃ៖ យុវជនកម្ពុជា ១៥ រូប កាលពីថ្ងៃទី១៥-២៩ ខែកញ្ញា ឆ្នាំ២០២៥ បានសិក្សាស្វែងយល់អំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់រស់នៅរបស់ប្រជាជនចិន និងបន្តពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈកម្មវិធីបោះជំរំរដូវក្តៅ "ស្ពានភាសាចិន ២០២៥ - The 2025 Chinese Bridge" នៅទីក្រុងសៀងហៃ ប្រទេសចិន ក្រោមការសហការគ្នារវាង ក្រសួងអបរំ យុវជន និងកីឡា ជាមួយសាកលវិទ្យាល័យគរុកោសល្យចិនបូព៌ា។
យោងតាមគេហទំព័រក្រសួងអប់រំ កម្មវិធីបោះជំរំរដូវក្តៅ «ស្ពានភាសាចិន ២០២៥» គឺជាកម្មវិធីមួយ នៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ នៃប្រទេសទាំងពីរ។ សិស្សានុសិស្សបានរៀនសូត្រជាច្រើនចេញពីកម្មវិធីមួយនេះ ដូចជា ការផ្លាស់ប្តូរក្បាច់គុនបុរាណខ្មែរ សិល្បៈកាន់ពែងនិងចាក់ទឹកតែ សិល្បៈធ្វើនំព្រះខែនិងនំគាវ ការធ្វើនំចាំងសម្រាប់ពិធីបុណ្យអុំទូក ព្រមទាំងបានស្តាប់រឿងប្រវត្តិសាស្ត្រចិនចាប់តាំងពីសម័យមហាកំផែងរហូតដល់ទីក្រុងវាំងបុរាណចិន។ បន្ថែមពីនេះ សិស្សានុសិស្សបានទទួលអារម្មណ៍រីករាយជាមួយតន្ត្រីប្រជាប្រិយរបស់ចិន ជាមួយនឹងតន្ត្រីទ្រដ៏ពិរោះរណ្តំ និងតន្ត្រីពិនដ៏ស្រទន់ ដែលធ្វើឱ្យគ្រប់គ្នាទះដៃតាមចង្វាក់។
បើតាមក្រសួងអប់រំ ក្រៅពីបទពិសោធក្នុងថ្នាក់រៀន សិស្សានុសិស្សក៏បានធ្វើដំណើរកំសាន្តនៅទូទាំងទីក្រុងសៀងហៃ រួមមាន ទស្សនាតាមសារមន្ទីរសៀងហៃ ទស្សនាភូមិបុរាណ និងបានថតរូបអនុវស្សាវរីយ៍ជាមួយអគារវីឡាចាស់ៗនៅលើផ្លូវអ៊ូខាង (Wukang)។ សិស្សានុសិស្សមានឱកាសគយគន់មើលហាងសិល្បៈនៅតាមដងផ្លូវអានហ្វុ (Anfu) ជាពិសេសបានឡើងទៅលើកំពូលប៉មគុជបូព៌ា ដើម្បីគយគន់ដងទន្លេហ័ងភូ (Huangpu) និងមើលទេសភាពនៃទីក្រុងសៀងហៃ។ ជាការកត់សម្គាល់ សិស្សានុសិស្សបានទទួលបទពិសោធពីការរីកចម្រើនប្រទេសចិននាសម័យថ្មីផងដែរ ក្នុងនោះរួមមាន ភាពងាយស្រួលនៃរថភ្លើងក្រោមដី និងផ្លូវរថភ្លើងល្បឿនលឿន ព្រមទាំងបានរៀនសូត្រអំពីសុជីវធម៌ប្រពៃណីរបស់ចិន និងសារៈសំខាន់នៃការញញឹមនៅពេលជួបមនុស្ស និងមានភាពស្មោះត្រង់ចំពោះគ្នា៕