ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សង្ឃឹមថា កិច្ចប្រជុំគណៈកម្មការចំរុះព្រំដែនកម្ពុជា និងថៃ(JBC) នឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ ដើម្បីដោះស្រាយបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ខណៈការខកខានមិនបានប្រជុំកន្លងមកនេះដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥នេះ សម្តេច ហ៊ុន ម៉ាណែត បានរំលឹកថា កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយលោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង លោក នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹងឧបទ្វវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចំរុះព្រំដែន (JBC) ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ។ កម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហានេះ៕