ភ្នំពេញ៖ និស្សិតកម្ពុជា ចំនួន ៥៥ រូប ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី ដើម្បីបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសអូស្រ្តាលី ក្នុងឆ្នាំសិក្សា ២០២៦។ គិតមកដល់ពេលនេះ មានរយៈពេលជាង៣០ឆ្នាំហើយ ដែលអាហារូបករណ៍ ថ្នាក់ក្រោយឧត្តមសិក្សាប្រមាណជិត ១,១០០ ត្រូវបានផ្តល់ដល់និស្សិតកម្ពុជា ដើម្បីមានឱកាសបន្តការសិក្សាថ្នាក់ខ្ពស់នៅប្រទេសអូស្ត្រាលី និងបង្កើតមិត្តភាព និងទំនាក់ទំនងនៃអ្នកជំនាញអាជីពយូរអង្វែង។
យោងតាមគេហទំព័រស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះ អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ អាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia បានក្លាយគ្រឹះសំខាន់នៃការគាំទ្ររបស់អូស្ត្រាលីចំពោះការអភិវឌ្ឍរបស់កម្ពុជា។ កាលពីថ្ងៃទី ៣ តុលា ២០២៥ លោកឯកអគ្គរដ្ឋទូត យីប បានអបអរសាទរដល់និស្សិតអាហារូបករណ៍ថ្មីចំនួន ៥៥ នាក់ រួមមាន និស្សិតអាហារូបករណ៍ចំនួន ៥ នាក់ ក្រោមកម្មវិធីភាពជាដៃគូ មេគង្គ-អូស្ត្រាលី (Mekong Australia Partnership) ក្នុងថ្ងៃបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ដែលប្រព្រឹត្តឡើងនៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បើតាមស្ថានទូតអូស្ត្រាលី ក្នុងឆ្នាំសិក្សា ២០២៦ នេះ អាហារូបករណ៍នេះ បានផ្តល់ជូនទៅដល់សិស្សសរុប ៥៥រូប ដែលក្នុងនោះរួមមាន និស្សិតជានារី លើសពី ៥០% នៃជ័យលាភីអាហារូបករណ៍សរុប ព្រមទាំងបេក្ខភាពដែលមានពិការភាពចំនួន ៦រូប។ ក្នុងនោះមាន ៣៦%នៃបេក្ខជន ជាមន្រ្តីរាជការ និង ១៨% ជាអ្នកដែលមកពីខេត្ត។ និស្សិតទាំង ៥៥ រូប នឹងសិក្សាជំនាញផ្សេងៗគ្នារួមមាន គោលនយោបាយសាធារណៈ រ៉ូបូត និងបញ្ញាសិប្បនិម្មិត , វិទ្យាសាស្រ្ត, សុខភាពផ្លូវចិត្ត, វិទ្យាសាស្រ្តទិន្នន័យ, វិស្វកម្ម បរិស្ថាន ការអប់រំ សន្តិភាព និងទំនាស់ និងច្បាប់ជាដើម។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និស្សិតទាំងនេះនឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសដែលរៀបចំដោយវិទ្យាស្ថាន និងវគ្គបណ្តុះបណ្តាលមុនចេញដំណើរ ដើម្បីជួយពួកគេត្រៀមខ្លួនសម្រាប់ការសិក្សា និងការរស់នៅនៅក្នុងប្រទេសអូស្ត្រាលី៕