ភ្នំពេញ៖ កម្មវិធី «សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ (CODE-C: Developer Conference) ២០២៥» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលនវានុវត្តន៍ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលអនុញ្ញាតឱ្យចូលរួមដោយសេរីដោយឥតគិតថ្លៃ។ កម្មវិធីនេះប្រារព្វឡើងដើម្បីធ្វើការប្រមូលផ្ដុំអ្នកអភិវឌ្ឍសុសវែរ អ្នកជំនាញបច្ចេកវិទ្យា អ្នកដឹកនាំឧស្សាហកម្ម បច្ចេកវិទ្យា ក៏ដូចជាសិស្សនិស្សិត ដែលកំពុងសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីស្វែងយល់ពីនិន្នាការ និងភាពជឿនលឿនចុងក្រោយនៃទិដ្ឋភាពបច្ចេកវិទ្យាឌីជីថលក្នុងស្រុកនិងក្នុងតំបន់។
ឆ្នាំនេះគឺជាឆ្នាំទី៤ នៃការប្រារព្ធកម្មវិធី “សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ CODE-C” ដ៏ធំបំផុតក្នុងប្រទេស កម្ពុជាដែលប្រមូលផ្តុំ អ្នកអភិវឌ្ឍន៍សុសវែរ អ្នកជំនាញបច្ចេកវិទ្យា ថ្នាក់ដឹកនាំឧស្សាហកម្មបច្ចេកវិទ្យា ក៏ដូចជា សិស្សនិស្សិតដែលកំពុងសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីស្វែងយល់ពីនិន្នាការនៃការអភិវឌ្ឍចុងក្រោយ នៃបច្ចេកវិទ្យាឌីជីថលនៅក្នុងពិភពលោក។ កម្មវិធី “សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ (CODE-C: Developer Conference) ២០២៥ ត្រូវបានរៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមមូលនិធិ CBRD ។ កម្មវិធីនេះ នឹងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាង អ្នកអភិវឌ្ឍន៍សុសវែរ អ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា វិស័យអប់រំ និងរដ្ឋាភិបាលដើម្បី លើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ ជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។
សន្និសីទនេះនឹងផ្តោតលើប្រធានបទចំនួន៦ រួមមាន៖ ១. បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា (AI & Machine Learning), ២. វិទ្យាសាស្ត្រទិន្នន័យ (Data Science), ៣. អ៊ីធឺណិតនៃវត្ថុនិងរ៉ូប៉ូត (IoT & Robotics), ៤. សន្តិសុខសាយប័រ (Cybersecurity), ៥. វិស្វកម្មសុសវែរ (Software Engineering) , ៦. បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ។
កម្មវិធីសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ CODE-C 2025 មានដាក់បញ្ចូលនូវ សន្ទរកថាគន្លឹះ (Keynote) ចំនួន ៦ , កិច្ចពិភាក្សា (Panel Discussion) ចំនួន ៣, ប្រធានបទ (Workshop Topic) ចំនួន ៣០ , មានវាគ្មិនសរុប ៥០រូប និង, ការតាំងពិព័រណ៍ធុរកិច្ចថ្មីឌីជីថល ចំនួន ៣០ស្តង់។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពី អ្នកបង្កើតសុសវែរ អ្នកជំនាញបច្ចេកវិទ្យាឌីជីថល មកពីបណ្តាក្រុមហ៊ុន ក្រសួងស្ថាប័ន ស្ថាបនិកធុរកិច្ចថ្មីឌីជីថល អ្នកផ្តល់សេវាកម្មឌីជីថល ដៃគូអភិវឌ្ឍន៍ និងសិស្សនិស្សិតជំនាញ បច្ចេកវិទ្យាឌីជីថល ប្រហែល ២០០០ នាក់។
គួរបញ្ជាក់ថា កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលនវានុវត្តន៍ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ ដើម្បីអាចចុះឈ្មោះចូលរួម សូមចូលទៅកាន់ តំណភ្ជាប់ https://bookme.plus/t/events/code-c-2025 ។ សម្រាប់ព័ត៌មានបន្ថែម: តាមដានទំព័រហ្វេសប៊ុក: https://www.facebook.com/CodeC.Conference/៕