ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មានជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ ជាដើម។ អ្នកនាំពាក្យ ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែ អំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរ កុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងកុំមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។
អ្នកនាំពាក្យ បានបន្ថែមថា ជាក់ស្តែង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សូម្បីតែទទួលរងការប្រមាថពីជនជាតិថៃមួយចំនួនយ៉ាងខ្លាំង ក៏ដោយ ក៏សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅតែអំពាវនាវកុំឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើសកម្មភាពបែបនេះតបទៅភាគីថៃវិញឡើយ។ នេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះ អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ៕