ភ្នំពេញ៖ លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនោះ លោក Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ផងដែរ។ ក្នុងជួបពិភាក្សាការងារទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជា សាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចការងាររបស់ លោក Roosevelt Skerrit មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕