ភ្នំពេញ៖ ក្រសួងការងារ នាព្រឹកថ្ងៃទី ៥ តុលា ២០២៥ បានប្រគល់កង់ផ្សព្វផ្សាយការងារចំនួន ១០៣កង់ ជូនយុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដើម្បីយកទៅផ្សព្វផ្សាយព័ត៌មានការងារជាប្រចាំតាមខ្នងផ្ទះ ពីភូមិមួយទៅភូមិមួយ ដើម្បីឱ្យពលករត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារ បានដឹង និងអាចចុះឈ្មោះរកការងារបានធ្វើឆាប់ៗ។
យោងតាមក្រសួងការងារ បានឱ្យដឹងថា «កង់ផ្សព្វផ្សាយការងារចំនួន ១០៣កង់» ដែលបានផ្តល់ជូនយុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ ដើម្បីផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងការចុះឈ្មោះស្វែងរកការងារតាមរយៈលេខ ១២៩៧ តាមផ្ទះប្រជាពលរដ្ឋ។
ទន្ទឹមនោះ នៅក្នុងបរវេណសាលាស្រុកបវេលដដែលនេះក៏មាន ”ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ សហការជាមួយសាខាបេឡាជាតិសន្តិសុខសង្គមខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង មន្ទីរការងារ ក្រុមការងារ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្តល់ឱកាសការងារជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើនៅខេត្តបាត់ដំបងឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ១៥ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទូទាំងរាជធានីខេត្តប្រមាណជាង ២ពាន់នាក់ បានទទួលការបណ្តុះបណ្តាលឱ្យក្លាយជា ភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយកម្មវិធីស្វែងរកការងារតាមរយៈលេខ ១២៩៧ ដោយជិះកង់ផ្សព្វផ្សាយនៅតាមមូលដ្ឋានភូមិ ឃុំតាមបណ្តារាជធានី ខេត្ត៕