681 ezgif.com resize
Swift cc time

កម្មវិធី«ប្រកួតប្រជែងស្តីពី AI ក្នុងវិស័យអប់រំ» ជ្រើសរើសនិស្សិតប្រកួតបង្ហាញស្នាដៃដោយប្រើ AI ដោះស្រាយបញ្ហាប្រឈមនៃវិស័យអប់រំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ សហការជាមួយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) រៀបចំការប្រកួតប្រជែងបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ (AI in Education Competition) សម្រាប់និស្សិតមកពីបណ្តាសាកលវិទ្យាល័យនៅកម្ពុជា ដែលមានអាយុចន្លោះ ១៨ ទៅ ២៥ ឆ្នាំដើម្បីចូលរួមប្រកួត។ ក្រុមជ័យលាភី នឹងមានឱកាសធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី។

ការប្រកួតប្រជែងបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ (AI in Education Competition) ជាកម្មវិធីយុទ្ធសាស្ត្រមួយក្នុងការពង្រឹងសក្តានុពលយុវជនជំនាន់ថ្មី និង ជំរុញការផ្លាស់ប្តូរ វិស័យអប់រំជាតិ តាមរយៈ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ កម្មវិធីប្រកួតនេះគឺជាផ្នែកដ៏សំខាន់នៃ សន្និសីទជាតិស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់វិស័យអប់រំ ឆ្នាំ ២០២៥ ដែលបើកសម្រាប់និស្សិតសាកលវិទ្យាល័យ (អាយុ ១៨–២៤ ឆ្នាំ) ទូទាំងកម្ពុជា ឱ្យចូលរួមប្រកួតប្រជែងដើម្បីទទួលបានជំនាញ AI ក្នុងការដោះស្រាយបញ្ហាប្រឈមជាអាទិភាពនៃវិស័យអប់រំ និងបង្ហាញស្នាដៃជូនថ្នាក់ដឹកនាំជាតិ។

កម្មវិធីនេះត្រូវបានរៀបចំឡើងជាដំណើរការ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញ គឺ ចាប់ផ្តើមដោយ ជំរុំបណ្តុះបណ្តាលអនឡាញរយៈពេល ២ សប្តាហ៍ ( តម្រូវឱ្យសម្រេចការសិក្សា ៩០% ទើបមានសិទ្ធិបន្ត) បន្ទាប់មកចូលរួម កម្មវិធី Hackathon រយៈពេល ២ ថ្ងៃ ដែលក្រុមដែលត្រូវបានជ្រើសរើសនឹងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងផ្អែកលើ AI។ អ្នកចូលរួមនឹងទទួលបានចំណេះជំនាញ AI និង Machine Learning ព្រមទាំងមានឱកាស ផ្លាស់ប្តូរបទពិសោធន៍ ជាមួយគ្រូបង្វឹក និងអ្នកជំនាញ ក៏ដូចជាទទួលបានការទទួលស្គាល់កេរ្តិ៍ឈ្មោះថ្នាក់ជាតិ។

គួរបញ្ជាក់ថា ការប្រកួតនេះបើកសម្រាប់និស្សិតមកពី គ្រប់ជំនាញសិក្សា ដែលអាចដាក់ពាក្យ ម្នាក់ឯង ឬជាក្រុមចម្រុះដែលមានសមាជិកចាប់ពី ២–៤ នាក់។ និស្សិតដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវដាក់ពាក្យតាមរយៈ [https://bit.ly/48bsqAV] ត្រឹមថ្ងៃផុតកំណត់ គឺថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៥៕


Khcct banner

អត្ថបទទាក់ទង