ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣ តុលា បានពិភាក្សាលើការអនុវត្តគន្លងអប់រំថ្មី រួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ ផែនការពង្រីកមធ្យមសិក្សា ការត្រៀមសម្រាប់ការបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ ព្រមទាំងគម្រោងផែនការសាងសង់ និងជួសជុលអគារសិក្សានៅតាមព្រំដែន។
ក្នុងកិច្ចប្រជុំនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានពិភាក្សាពីការ ការត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅដើមខែវិច្ឆិកាខាងមុខនេះ សម្រាប់សាលារៀនដែលមានទីតាំងនៅតាមព្រំដែន បានរងប៉ះពាល់ពីសង្គ្រាមជាមួយប្រទេសថៃ នៅមិនទាន់អាចបើកបវេសនកាលនៅទីតាំងសាលរៀនបាននៅឡើយទេ ដោយហេតុថាស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព ធ្វើឱ្យក្រុមការងារបោសសម្អាតមីន និងសាងសង់មិនអាចចូលទៅស្តារឡើងវិញបាន។ យ៉ាងណមិញ ក្រសួងបានត្រៀមជាស្រេចនូវកញ្ចប់ថវិកាស្តារឡើងវិញនូវសាលារៀនរងប៉ះពាល់នៅតាមព្រំដែន។
កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាផ្លាស់ប្ដូរយោបល់លើរបៀបវារៈ ១) ការអនុវត្តគន្លងអប់រំថ្មី ២) ផែនការពង្រីកមធ្យមសិក្សា ៣) ការត្រៀមសម្រាប់ការបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ និង ៤) គម្រោងផែនការសាងសង់ និងជួសជុលអគារសិក្សានៅតាមព្រំដែន ៥) កិច្ចពិភាក្សាដើម្បីសម្រេចអនុម័តលើផែនការសកម្មភាពសំខាន់ៗដែលត្រូវអនុវត្តបន្ត។
ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ ក្រសួងនឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦នេះ៕