681 ezgif.com resize
Swift cc time

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើមុខជំនាញ«ការអប់រំស្ទែម»ចំនួន ១៨៥កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ ចំនួន ១៨៥កន្លែង សម្រាប់ការសិក្សា កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និង កម្រិតបណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួងអប់រំ ក្នុងក្របខណ្ឌ គម្រោងកម្មវិធីភាពជាដៃគូ សហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ២០២៤-២០២៧។ កម្មវិធីផ្តល់ អាហារូបករណ៍នេះ ផ្តោតលើការបង្កើនសមធម៌នៃការចូលរៀនលើមុខជំនាញពាក់ព័ន្ធនឹងការអប់រំស្ទែម (STEM, Science, Technology, Engineering and Mathematics) នៅឧត្តមសិក្សា ដោយផ្តល់អាហារូបករណ៍ពេញលេញលើការបង់ថ្លៃសិក្សា និងថវិកាឧបត្ថម្ភប្រចាំខែដល់បេក្ខជនក្នុងអំឡុងពេលកំពុងសិក្សា នៅកម្រិតបរិញ្ញាបត្ររយៈពេល ៤ឆ្នាំ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំ និងកម្រិតបណ្ឌិតរយៈពេល ៣ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

យោងតាមសេចក្តីជូនដំណឹងក្រសួងអប់រំ អាហារូបករណ៍ ក្នុងក្របខណ្ឌ គម្រោងកម្មវិធីភាពជាដៃគូ សហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ២០២៤-២០២៧ មានសរុប ១៨៥ កន្លែងត្រូវបានបែងចែកតាមកម្រិតដូចជា កម្រិតបរិញ្ញាបត្រ ចំនួន ១០០ កន្លែង កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧០ កន្លែង, កម្រិតបណ្ឌិត ចំនួន ១៥ កន្លែង។ ដើម្បីបានអាហារូបករណ៍នេះ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស និងមិនទាន់ទទួលបានអាហារូបករណ៍ណាមួយរបស់ក្រសួង អប់រំ យុវជន និងកីឡា និង/ឬ អាហារូបករណ៍ដទៃទៀតក្នុងកំឡុងពេលដាក់ពាក្យស្នើសុំអាហារូបករណ៍។

ដើម្បីដាក់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយត្រូវមកទទួលយកពាក្យ ស្នើសុំអាហារូបករណ៍ពីគ្រឹះស្ថានឧត្តមសិក្សាសាមី(ដូចមានបញ្ជាក់ក្នុងចំណុចទី២) ឬ នាយកដ្ឋាន គ្រប់គ្រងឧត្តមសិក្សា ដែលមានអាសយដ្ឋាននៅអគារលេខ ១៦៩ មហាវិថីព្រះនរោត្តម សង្កាត់បឹង កេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទៅបំពេញចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២៥ និងប្រគល់មកវិញយ៉ាងយូរនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលា ម៉ោង ៥:០០នាទី រសៀលជាកំហិត។

ចំណែកឯបេក្ខជនដែលមានបំណងប្រឡងយកអាហារូបករណ៍ពេញលេញចូលរៀនកម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ ពាក់ព័ន្ធនឹងមុខជំនាញ ក្នុងវិស័យស្ទែម និងកសិកម្ម ដែលទទួលស្គាល់ដោយក្រសួងអប់រំ នាឆ្នាំកន្លងមក នឹងមានអាយុមិនលើសពី៤០ឆ្នាំ។ បេក្ខជនអាចទាញយកពាក្យស្នើសុំអាហារូបករណ៍តាមតំណភ្ជាប់ https://shorturl.at/3bgy6 និងដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានឧត្តមសិក្សាសាមី(ដូចមានបញ្ជាក់ក្នុងចំណុចទី២) ឬ នាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ ដែលមានអាសយដ្ឋាននៅអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ និងប្រគល់ត្រឡប់មកវិញយ៉ាងយូរត្រឹមថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទី រសៀលជាកំហិត។

បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រមានតម្លៃស្មើពាក់ព័ន្ធនឹងមុខជំនាញ ក្នុងវិស័យស្ទែម និងកសិកម្ម ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡានាឆ្នាំកន្លងមក និងមានអាយុមិនលើសពី៤៥ឆ្នាំ ដែលមានបំណងប្រឡងយកអាហារូបករណ៍ចូលរៀនកម្រិតបណ្ឌិត ត្រូវទាញយកពាក្យស្នើសុំអាហារូបករណ៍តាមតំណភ្ជាប់ https://shorturl.at/1sWNy និងដាក់ពាក្យ ដោយផ្ទាល់នៅគ្រឹះស្ថានឧត្តមសិក្សាសាមី(ដូចមានបញ្ជាក់ក្នុងចំណុចទី២) ឬ នាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ ដែលមានអាសយដ្ឋាននៅអគារលេខ ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ និងប្រគល់ត្រឡប់មកវិញយ៉ាងយូរត្រឹមថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទី រសៀលជាកំហិត។

កម្រិតបរិញ្ញាបត្រ វិញ្ញាសាប្រឡងតាមមុខជំនាញ រួមមាន គណិតវិទ្យា (រយៈពេល ៦០នាទី) , ភាសាខ្មែរ (រយៈពេល ៦០នាទី), មុខវិជ្ជាជំនាញ (រយៈពេល ៩០នាទី)។ ក្នុងករណីដំណើរការនៃចុះឈ្មោះប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍កម្រិតបរិញ្ញាបត្រ ដែល បេក្ខជនមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣ ពុំបានជ្រើសរើសគ្រប់ចំនួនតាមកូតាខាងលើ ក្រសួងនឹងធ្វើ ការជ្រើសរើសបេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើបង្គ្រប់បន្ថែម។ បេក្ខជនទាំងអស់ត្រូវទៅពិនិត្យឈ្មោះនៅមណ្ឌលប្រឡងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយ សម័យប្រឡងសម្រាប់កម្រិតបរិញ្ញាបត្រ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ រីឯ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនត្រូវប្រឡង មុខវិជ្ជាឯកទេស (រយៈពេល ៩០ នាទី), វិធីសាស្ត្រស្រាវជ្រាវ (រយៈពេល ៩០ នាទី) ។ កម្រិតបណ្ឌិត មាន វិញ្ញាសាសរសេរ , បទបង្ហាញសំណើស្រាវជ្រាវ និងសម្ភាសន៍។ ចំពោះវិញ្ញាសាសរសេរ មាន មុខវិជ្ជាឯកទេស (រយៈពេល ៩០ នាទី), វិធីសាស្ត្រស្រាវជ្រាវ ( រយៈពេល ៩០ នាទី) ។ បេក្ខជនទាំងអស់ត្រូវទៅពិនិត្យឈ្មោះនៅមណ្ឌលប្រឡងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។​ សម័យប្រឡងវិញ្ញាសាសរសេរសម្រាប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នាថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៥ ។ ចំពោះបេក្ខជនកម្រិតបណ្ឌិតដែលបានជាប់វិញ្ញាសាសរសេរ ត្រូវឆ្លងកាត់ ការធ្វើសម្ភាសន៍ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ តទៅ៕

Khcct banner

អត្ថបទទាក់ទង