ភ្នំពេញ៖ យុវជនកម្ពុជា ៤ក្រុម ជាប់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងហ្គេមកម្រិតអន្តរជាតិ កម្មវិធីអប់រំបង្កើតហ្គេម UNICEF Virtual Global Game Jam 2025 ក្នុងចំណោមហ្គេមចំនួន ៥៣ ត្រូវបានបង្កើតឡើងដោយយុវជនពី ៨ប្រទេស ដែលភាគច្រើនមានប្រធានបទទាក់ទងនឹងបរិស្ថាន និងវប្បធម៌។ ក្រុមទាំង៤មកពី វិទ្យាល័យ សម្ដេច ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម, វិទ្យាល័យ សុខ អាន សំរោង ខេត្តតាកែវ, អនុវិទ្យាល័យខ្នាចរមាស ខេត្តបាត់ដំបង, និង វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធីអប់រំបង្កើតហ្គេម (Game Changers Coalition) គឺជាការផ្ដូចផ្ដើមឡើងរវាង នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ សហការជាមួយអង្គការយូនីសេហ្វ UNICEF ដើម្បីផ្តល់មូលដ្ឋានគ្រឹះនៃការអប់រំបច្ចេកវិទ្យាដល់ក្មេងស្រី លើកកម្ពស់ការចូលរួម និងការឈោងចាប់អាជីពឌីជីថល កាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា បញ្ជ្រាបឧស្សាហកម្មហ្គេម Game Education ក្នុងវិស័យអប់រំ កែប្រែក្មេងស្រី មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែក្លាយជាអ្នកបង្កើតប្រកបដោយនវានុវត្ត។
បើតាមប្រភពដដែល កម្មវិធីប្រកួតប្រជែងហ្គេមកម្រិតអន្តរជាតិ កម្មវិធីអប់រំបង្កើតហ្គេម ឆ្នាំ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ តាមអនឡាញ ដោយមានហ្គេមចំនួន ៥៣ ត្រូវបានបង្កើតឡើងដោយយុវជនពី ៨ប្រទេស ដែលភាគច្រើនមានប្រធានបទទាក់ទងនឹងបរិស្ថាន និងវប្បធម៌។ ក្រុមយុវជនឆ្នើមចំនួន៤ ក្រុមរបស់ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសឱ្យជាប់ជ័យលាភី ដោយក្រុមប្រឹក្សាអ្នកជំនាញពី Dambuster Studios, Micron, Samsung និង Sony Interactive Entertainment ក្នុងការប្រកួតប្រជែងហ្គេមកម្រិតអន្តរជាតិលើកទី១ របស់អង្គការយូនីសេហ្វ (UNICEF) ។
ក្រុមទាំង ៤ រួមមានក្រុម Ice Ranger ហ្គេម Stop Dengue «ជ័យលាភី Best Game Mechanics» មកពីវិទ្យាល័យ សម្ដេច ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម, ក្រុម Level Up ហ្គេម Journey Through Khmer Culture «ជ័យលាភី Best First Time Creator» មកពីវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម, ក្រុម Green Ever ហ្គេម Green Ever «ជ័យលាភី Best Social Impact» មកពីវិទ្យាល័យ សុខ អាន សំរោង ខេត្តតាកែវ, និង ក្រុម Mission Green ហ្គេម Mission Green Planet «ជ័យលាភី Best Game Sound» មកពីអនុវិទ្យាល័យខ្នាចរមាស ខេត្តបាត់ដំបង។
ក្រសួងអប់រំ បានគូសបញ្ជាក់ថាក្រុមជ័យលាភីទាំងអស់នឹងត្រូវបានអញ្ចើញឱ្យធ្វើការរួមគ្នា ដើម្បីបង្កើតហ្គេមផ្លូវការអាជីពមួយ ដោយមានការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាហ្គេមល្បីៗ សម្រាប់ដំណើរការ។ ជាមួយនឹងការច្នៃប្រឌិត ការប្តេជ្ញា ការបង្កើតដំណោះស្រាយថ្មីដោយប្រើប្រាស់ហ្គេមក្នុងការផ្សព្វផ្សាយ ចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា យុវជនទាំងអស់បានបង្ហាញថា ហ្គេមមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាអាចជាឧបករណ៍ដ៏សំខាន់សម្រាប់ការបង្កើតការផ្លាស់ប្តូរសង្គម។ ក្រុមយុវជនទាំងអស់បានចូលរួមបង្កើតហ្គេម និងចែករំលែកគំនិតដ៏អស្ចារ្យ ដែលនេះជាភស្តុតាងបញ្ជាក់ថា យុវជនកម្ពុជាមានសមត្ថភាពក្នុងប្រើប្រាស់ និងចាប់យកជំនាញឌីជីថលនាពេលអនាគត៕