ភ្នំពេញ៖ ក្នុងចំណោមយុវជន មកពីសាកលវិទ្យាល័យ ចំនួន ១០ យុវជន៣ក្រុម ទទួលបានជ័យលាភីឆ្នើម ក្នុង«កម្មវិធីយុវជន២១» ឆ្នាំ២០២៥ ដែលក្នុងនោះ រួមមានជ័យលាភីលេខ១៖ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម, ជ័យលាភីលេខ២៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង ជ័យលាភីលេខ៣៖ សាកលវិទ្យាល័យស្វាយរៀង។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១ តុលា ២០២៥ ដែលតម្រូវឱ្យបេក្ខជនធ្វើបទបង្ហាញអាជីវកម្មបែបឌីជីថលក្រោមប្រធានបទ៖ «Technopreneurship: Innovation for Sustainability»។
នាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីបិទកម្មវិធីយុវជន២១ វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៥ ដោយមានការចូលរួមស្ថាប័នពាក់ព័ន្ធ បេក្ខនិស្សិតឆ្នើមទាំង១០ក្រុម។ បន្ទាប់ពីបេក្ខនិស្សិតទាំងអស់បានបញ្ចេញសមត្ថភាពយ៉ាងលេចធ្លោតាមរយៈការឡើងធ្វើបទបង្ហាញពីគម្រោងអាជីវកម្មនីមួយៗរបស់ខ្លួន ទៅកាន់គណៈកម្មការវាយតម្លៃក្នុងកម្មវិធីយុវជន២១ កម្មវិធីបានរកឃើញម្ចាស់ជ័យលាភី ដូចជា៖ ជ័យលាភីលេខ១៖ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម គម្រោង៖ “មាតា-MEADA”, ជ័យលាភីលេខ២៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គម្រោង៖ “យល់ចិត្ត២១-Youl Chet 21” និង ជ័យលាភីលេខ៣៖ សាកលវិទ្យាល័យស្វាយរៀង គម្រោង៖ “SRU-សម្ងួត”។
បើតាមក្រសួងអប់រំ កម្មវិធី យុវជន២១ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជាឱ្យមានជំនាញ ច្បាស់លាស់ និងបំណិនបែបឌីជីថល អាចប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហា តាមរយ:ការរៀបចំផែនការអាជីវកម្មបែបឌីជីថល ដែលយុវជនត្រូវចូលរួមវគ្គបណ្តុះបណ្តាល ការប្រកួតជម្រុះ និងការប្រកួតដណ្តើមជ័យលាភីសម្រាប់ឆ្នាំ២០២៥។
គួរបញ្ជាក់ថា បេក្ខនិស្សិត១០ក្រុម ដែលបានចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ រួមមាននិស្សិតដែលមកពី សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គម្រោងអាជីវកម្ម ៖ យល់ចិត្ត២១, សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង គម្រោងអាជីវកម្ម៖ Banana Eco-Friendly, សាកលវិទ្យាល័យជាតិគ្រប់គ្រង គម្រោងអាជីវកម្ម៖ ត្រជាក់-Trojeak, បណ្ឌិតសភាបច្ចេកវិទ្យា គម្រោងអាជីវកម្ម៖ GreenLink, សាកលវិទ្យាល័យក្រចេះ គម្រោងអាជីវកម្ម៖ សេវាផ្គត់ផ្គង់ទូរសម្ងួតឆ្លាតវៃ, វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម គម្រោងអាជីវកម្ម៖ មាតា-MEADA, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គម្រោងអាជីវកម្ម៖ ALFA: drink smart,live green, សាកលវិទ្យាល័យស្វាយរៀង គម្រោងអាជីវកម្ម៖ SRU-សម្ងួត, សាកលវិទ្យាល័យកម្ពុជា គម្រោងអាជីវកម្ម៖ ហាត់ប្រាណ និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងអាជីវកម្ម៖ អេកូសំរាម៕