ភ្នំពេញ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT) ផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ២០០ កន្លែង សម្រាប់និស្សិតដែលចាប់អារម្មណ៍សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦។ អាហារូបករណ៍នេះមានទឹកប្រាក់សរុបស្មើនឹង ៤០.០០០.០០០៛ (សែសិបលានរៀល) សម្រាប់និស្សិតម្នាក់ៗ ដែលរ៉ាប់រងការចំណាយទាំងស្រុងលើថ្លៃសិក្សារយៈពេល ៤ ឆ្នាំ។ លើសពីនេះ និស្សិតអាហារូបករណ៍ម្នាក់ៗនឹងទទួលបានកុំព្យូទ័រយួរដៃ (Laptop) ថ្មីមួយគ្រឿង។
កម្មវិធីសិក្សានៅ CADT ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់លើជំនាញសំខាន់ៗក្នុងវិស័យបច្ចេកវិទ្យាឌីជីថល រួមមាន៖ បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្តាញ ដែលមានឯកទេស សន្តិសុខសាយប័រ និងវិស្វកម្មទូរគមនាគមន៍, បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ដែលមានឯកទេស វិស្វកម្មសុសវែរ និងវិទ្យាសាស្ត្រទិន្នន័យ, និង បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល ដែលមានឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក។
បេក្ខជនដែលមានសក្តានុពលខ្ពស់អាចដាក់ពាក្យចុះឈ្មោះតាមរយៈប្រព័ន្ធអនឡាញនៅតំណភ្ជាប់ https://cadt.edu.kh/techo ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ អ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ www.cadt.edu.kh។
គួរបញ្ជាក់ថា CADT គឺជាគ្រឹះស្ថានសិក្សាសាធារណៈដែលផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ តាមរយៈវិធីសាស្ត្របង្រៀនចម្រុះដូចជា Blended Learning, Flipped Classroom, និង Project-Based Learning។ វិទ្យាស្ថានក៏ផ្តោតសំខាន់លើការពង្រឹងជំនាញបច្ចេកទេស ជំនាញទន់ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ ដើម្បីធានាថានិស្សិតបញ្ចប់ការសិក្សាពិតជាមានចំណេះដឹង ចំណេះធ្វើ និងជំនាញច្បាស់លាស់សម្រាប់ក្លាយជាធនធានដ៏ឆ្នើមក្នុងការកសាងសេដ្ឋកិច្ចឌីជីថលកម្ពុជា៕