ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ នាព្រឹកថ្ងៃទី ១ តុលា ២០២៥ បានណែនាំឱ្យសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាចំនួនបី យ៉ាងតិច មុនធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ចំណុចទាំង៣ រួមមាន , ឧបនិស្ស័យ ឬដុងពីកំណើតរបស់ក្មួយៗម្នាក់ៗ , ក្ដីស្រមៃរៀងៗខ្លួន , និងវិភាគអំពីតម្រូវការទីផ្សារការងារទៅថ្ងៃអនាគត។ បន្ថែមពីនេះ លោកបានផ្តល់ជាអនុសាសន៍នូវជំនាញដែលសិស្សគួរពិចារណាជ្រើសរើសតាមកម្រិតនិទ្ទេសដែលខ្លួនបានពីការប្រឡងមធ្យមសិក្សាទុតិយភូមិ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងក្នុងសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម ថា «សម្រាប់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេស A និង B គួរតែសិក្សាលើមុខជំនាញ ដូចជា ពេទ្យ, វិទ្យាសាស្រ្ដកុំព្យូទ័រ, មេកាត្រូនិក, មេកានិករថយន្ត, វិភាគហិរញ្ញវត្ថុ, វិស្វកម្មសំណង់, គីមីសាស្រ្ដ និងម្ហូបអាហារ ក៏ដូចជាគ្រូបង្រៀនជាដើម។ ចំណែកឯក្មួយៗប្រឡងជាប់និទ្ទេស C ដល់ E អាចជ្រើសរើសយកជំនាញសិក្សា ដូចជា ច្បាប់, ទីផ្សារ, គ្រប់គ្រង និងជំនាញសេវាកម្ម ជាពិសេសគឺជំនាញបដិសណ្ឋារកិច្ច។ រីឯក្មួយៗសិស្សានុសិស្សដែលមិនបានប្រឡងជាប់នៅឆ្នាំនេះគួរកុំទាន់អស់សង្ឈឹម ក្មួយៗអាចចូលរៀនថ្នាក់បរិញ្ញាបត្ររង ឬរៀនសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬក៏អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលជាកម្មវិធីសិក្សាស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។»
គួរបញ្ជាក់ថា ការថ្លែងដូច្នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម មន្ត្រីការិយាល័យអប់រំស្រុក នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១០០០នាក់ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ៕