ភ្នំពេញ៖ អាហារូបករណ៍ Park Chung Hee School of Policy and Saemaul (PSPS) នៃសាកលវិទ្យាល័យ Yeungnam ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦ សិក្សានៅសាធារណរដ្ឋកូរ៉េ កំពុងបើកទទួលពាក្យដល់ថ្ងៃទី ១៧ តុលា ឆ្នាំ ២០២៥។
យោងតាមគេហទំព័រនៃ សាកលវិទ្យាល័យ Yeungnam បេក្ខជនដែលអាចដាក់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត តម្រូវឱ្យជាសិស្សដែលមានបរិញ្ញាបត្រពីស្ថាប័នដែលមានការទទួលស្គាល់ ស្មើនឹងបរិញ្ញាបត្រកូរ៉េរយៈពេល 4 ឆ្នាំ និងមានកម្រិតភាសាអង់គ្លេសកម្រិតខ្ពស់។ ជាពិសេស មានសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ សមរម្យសម្រាប់ការបញ្ចប់កម្មវិធីសញ្ញាបត្រ (សូមចំណាំថាលក្ខខណ្ឌដូចជា ការមានផ្ទៃពោះ ជំងឺរបេង ឬជំងឺឆ្លងផ្សេងទៀតអាចដកសិទ្ធិបេក្ខជនពីដំណើរការជ្រើសរើស)។
បើតាមគេហទំព័រដដែលនេះ ជំនាញដែលសិស្សអាចជ្រើសរើសបានរួមមាន Saemaul និងការអភិវឌ្ឍន៍អន្តរជាតិ (Saemaul and International Development) , គោលនយោបាយសាធារណៈ និងភាពជាអ្នកដឹកនាំ (Public Policy and Leadership), គោលនយោបាយព្រៃឈើ និងបរិស្ថាន (Forest and Environmental Policy) ។ ចំពោះ អត្ថប្រយោជន៍ដែលអាហារូបករណ៍នេះផ្តល់ជូន រួមមាន ថ្លៃសិក្សាទាំងអស់សម្រាប់បួនឆមាស , ការលើកលែងថ្លៃចូលរៀន, KRW 1,000,000 នៃប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់រយៈពេល 12 ខែ (ខែមីនា 2026 ដល់ខែកុម្ភៈ 2027)។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់៖ http://psps.yu.ac.kr | http://www.yu.ac.kr/english/index.do ឱ្យបានត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា សាលាគោលនយោបាយ Park Chung Hee និង Saemaul (PSPS) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 នៅកូរ៉េ មានគោលបំណងចែករំលែកបទពិសោធន៍ និងមេរៀនដែលបានរៀនពីការវិវត្តន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកូរ៉េ។ បេសកកម្មរបស់សាលា គឺមានបំណងក្នុងការពង្រីកលើសពីការចែករំលែកទស្សនវិជ្ជា យុទ្ធសាស្ត្រ និងការអនុវត្តដែលជំរុញការអភិវឌ្ឍន៍របស់ប្រទេសកូរ៉េ ស្វែងរកការស្វែងយល់ និងរួមបញ្ចូលទ្រឹស្តី ការអនុវត្ត និងបច្ចេកវិទ្យាទំនើបៗពីជុំវិញពិភពលោក៕