ភ្នំពេញ៖ ប្រតិភូយុវជនទាំង ១៦រូប នឹងចូលរួម«កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩» ដើម្បីលើកយកនូវបញ្ហាផ្សេងៗមកពិភាក្សាក្នុងចំណោមយុវជន និងស្វែងរកដំណោះស្រាយ។ កម្មវិធីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា ២០២៦ ដល់ថ្ងៃ ១៧ កុម្ភៈ ២០២៦ នៅប្រទេសជប៉ុន និងប្រទេសក្នុងអាស៊ានចំនួន២ ។

យោងតាមក្រសួងអប់រំ ជារៀងរាល់ឆ្នាំ កម្មវិធីនេះមានលើកយកនូវបញ្ហាផ្សេងៗមកពិភាក្សាក្នុងចំណោមយុវជន និងស្វែងរកដំណោះស្រាយ។ ហើយប្រធានបទដែលនឹងលើកយកមកពិភាក្សាក្នុងកម្មវិធិនាវាយុវជនឆ្នាំនេះមានដូចជា ការអប់រំប្រកបដោយគុណភាព, កំណើនសេដ្ឋកិច្ច និងទេសចរណ៍ដែលមាន ចីរភាព និងមានទំនួលខុសត្រូវ, បរិស្ថានសកល និងការប្រែប្រួលអាកាសធាតុ, ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការស្តារឡើងវិញ, សុខុមាលភាពសង្គម និងបរិយាប័ន្ន, សង្គមឌីជីថល និងបញ្ញាសិប្បនិម្មិត។
បើតាមប្រភពដដែល សមាសភាពប្រធានប្រតិភូដឹកនាំយុវជនតំណាងប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ មានលោក អួន បឋម (សាយ) ដែលជាអតីតយុវជនតំណាងកម្ពុជាកាលពីឆ្នាំ២០១០ និង លោក ទុយ ច័ន្ទសុបញ្ញា ដែលជា អតីតប្រតិភូយុវជនកម្ពុជា នៅឆ្នាំ២០១៨ ដែលក្លាយជា សមាសភាពប្រតិភូតំណាងប្រទេសកម្ពុជា ចូលរួមក្នុងសន្និសិទលើកប៉ាល់ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩។
គួរបញ្ជាក់ផងដែរថា កម្មវិធីនាវាយុវជនត្រូវបានប្រព្រឹត្តឡើងជាលើកទី៤៩ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងតំបន់អាស៊ានដែលមានការចូលរួមពីយុវជនតំណាងប្រទេសនីមួយៗ៕