681 ezgif.com resize
Swift cc time

កម្មវិធីប្រកួតសហគ្រិនវ័យក្មេង ផ្តល់វេទិកាដល់សិស្សជាង ២៥០០ នាក់ បណ្តុះសមត្ថភាពផ្នែកហិរញ្ញវត្ថុពីកុមារភាព

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ​៖ កម្មវិធីប្រកួតសហគ្រិនវ័យក្មេង ២០២៥ ផ្តល់វេទិកាដល់សិស្សជាង ២៥០០ នាក់ បណ្តុះសមត្ថភាពផ្នែកហិរញ្ញវត្ថុពីកុមារភាព តាមរយៈការសិក្សា ការធ្វើការងារជាក្រុម ការបង្កើតគំនិតអាជីវកម្ម និងសាកល្បងនូវគំនិតអាជីវកម្មជាមួយដើមទុនត្រឹមតែ ២ម៉ឺនរៀល ដើម្បីអាចយល់ពីមូលដ្ឋាននៃការដំណើរការអាជីវកម្មមួយ។ កម្មវិធីនេះ អនុញ្ញាតឱ្យសិស្សានុសិស្សតាំងពីថ្នាក់បឋមសិក្សា ដល់វិទ្យាល័យចំនួន២០ នៅសាលារដ្ឋ ក្នុងខេត្តកណ្តាល និងភ្នំពេញ បានបញ្ចេញសមត្ថភាពក្នុងការប្រកួតគំនិតអាជីវកម្ម ដោយយកមេរៀនចំណេះដឹងហិរញ្ញវត្ថុមកអនុវត្តជាក់ស្តែង។

កម្មវិធីប្រកួតសហគ្រិនវ័យក្មេង ២០២៥ វគ្គផ្តាច់ព្រ័ត្រ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ កញ្ញា ២០២៥ នៅបណ្ឌិត្យសភាចារ្យឌីជីថល (CADT) ក្រោមការរៀបចំរបស់អង្គការបង្រៀនដើម្បីកម្ពុជា និង Global Shapers Phnom Penh។ កម្មវិធីនៅវគ្គផ្តាច់ព្រ័ត្រនេះ បានប្រមូលផ្តុំសិស្សានុសិស្សទាំង១០៨នាក់ ដែលតំណាងសាលារបស់ខ្លួនទៅតាមកម្រិតដែលខ្លួនរៀន ដើម្បីប្រកួតប្រជែងពីគំនិតអាជីវកម្ម ដែលមានការអនុវត្តសាកល្បងក្នុងសហគមន៍របស់ខ្លួន ដែលបានប្រកួតប្រជែងជាសរុបជាមួយនឹងសិស្សានុសិស្ស ២៥០០នាក់ផ្សេងទៀតទូទាំង២០សាលាដែលស្ថិតក្រោមភាពជាដៃគូរបស់អង្គការបង្រៀនដើម្បីកម្ពុជា និងក្រសួងអប់រំ ។ សិស្សទាំង១០៨នាក់ ដែលបានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ បានឆ្លងកាត់ការជម្រុះជាច្រើនលើកច្រើនសារពីវគ្គជម្រុះតាមថ្នាក់រៀន និងតាមសាលារៀនរបស់ខ្លួន ព្រមទាំងទទួលបានការណែនាំបង្វឹកពីគ្រូបន្ទុកថ្នាក់ និងគ្រូណែនាំ(mentor) ដើម្បីបង្ហាញសមត្ថភាពនៅពីមុខគណៈកម្មការដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងអាជីវកម្ម ដើម្បីវាយតម្លៃក្រុមដែលបានជ័យលាភីលេខ ១ ដល់លេខ ៣ ទៅតាមកម្រិតថ្នាក់នីមួយៗ។

សិស្សទាំង១០៨ នាក់ ( ២៥ក្រុម) បានបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈការធ្វើ បទបង្ហាញរយៈពេល ៥នាទី និងឆ្លើយសំណួរគណៈកម្មការ ពីគំនិតអាជីវកម្មដែលប្រើដើមទុន២ម៉ឺនរៀល ដោយលើកយកនូវវិធីក្នុងការចំណាយ វិធីក្នុងការធ្វើអាជីវកម្ម ព្រមទាំងចំណូលដែលទទួលបានពីអាជីវកម្មសាកល្បងរបស់ពួកគេ​ ដែលបានលក់ផលិតផលជាក់ស្តែងក្នុងសហគមន៍ ឬ សាលារៀនរបស់ពួកគេ។ សិស្សដែលមកពី២០សាលានេះ ត្រូវបានបែងចែកជាបីកម្រិត គឺកម្រិតថ្នាក់បឋមសិក្សា កម្រិតអនុវិទ្យាល័យ និងកម្រិតវិទ្យាល័យ។

អ្នកស្រី ឈុន វីរ៉ាដា បុគ្គលិកអង្គការបង្រៀនដើម្បីកម្ពុជា

អ្នកស្រី ឈុន វីរ៉ាដា បុគ្គលិកអង្គការបង្រៀនដើម្បីកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «ខ្ញុំគិតថា ការប្រកួតប្រជែងសហគ្រិនវ័យក្មេងឆ្នាំ២០២៥​ ពិតជាបានផ្តល់ឳកាសដល់សិស្សានុសិស្សអភិវឌ្ឍន៌ជំនាញសំខាន់ៗ ដូចជា ការច្នៃប្រឌិត ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការបង្កើតអាជីវកម្ម ជាដើម។ ជំនាញទាំងអស់នេះមិនត្រឹមតែមានប្រយោជន៍សម្រាប់ការសិក្សារបស់ពួកគាត់តែប៉ុន្នោះទេ វាថែមទាំងអាចឳ្យគាត់ប្រើប្រាស់នៅក្នុងការងារ និងជីវិតនាពេលអនាគតផងដែរ។ ខ្ញុំមានអារម្មណ៍រំភើបជាងឆ្នាំមុនៗព្រោះខ្ញុំឃើញពួកគាត់ចេះប្រើចំណេះដឹងផ្នែកអក្ខរកម្មឌីជីថលមកធ្វើជាស្លាយសម្រាប់ការធ្វើបទបង្ហាញ ចេះប្រើប្រាស់ចំណេះដឹងផ្នែកសុវត្តិភាពលើប្រព័ន្ធអនទ្បាញនៅពេលគាត់ផ្សព្វផ្សាយអាជីវកម្មគាត់លើបណ្តាយសង្គម និងចេះយកចំណេះដឹងផ្នែកនិរន្តភាពមកបញ្ចូលក្នុងគំនិតអាជីវកម្មរបស់ពួកគាត់។ ពួកគាត់មានវ័យក្មេងប៉ុន្តែពួកគាត់បានបង្រៀនពួកយើងថា អ្វីក៏អាចទៅរួចដែរនៅពេលដែលមានមនុស្សនៅជំុវិញខ្លួនគាត់ ដូចជាលោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំសាលា គ្រូបង្វិក អាណាព្យាបាល និងស្ថាប័នអប់រំនានា ផ្តល់ការគាំទ្រ ចំណេះដឹង ឱកាស និងមានការរំពឹងទុកខ្ពស់លើពួកគាត់។»។

ជាលទ្ធផលនៃការប្រកួតសហគ្រិនវ័យក្មេងឆ្នាំ២០២៥ ក្រុមដែលបានជ័យលាភីលេខ១ ដល់លេខ ៣ មានដូចតទៅ៖ កម្រិតជ័យលាភីថ្នាក់បឋមសិក្សា លេខ ១ ៖ សិល្បៈស្រូវអង្ករកម្ពុជា (សាលាបឋមសិក្សាបាគូរ), លេខ ២៖ The Charming (សាលាបឋមសិក្សា​ឯកភាព) , លេខ ៣ ៖ តែខ្ញីសុខភាព (សាលាបឋមសិក្សាជ្រោយចង្វារ)។ រីឯក្រុមកម្រិត អនុវិទ្យាល័យរួមមាន លេខ ១ ៖ Unity for Attainment (វិទ្យាល័យ ហ៊ុន សែនខ្សាច់កណ្ដាល), លេខ ២ ៖ ដង្ហើមបៃតង Charcoal Air Purifier (វិទ្យាល័យ ជា ស៊ីម សាមគ្គី), លេខ ៣ ៖ Green Grass (វិទ្យាល័យ ហ៊ុន សែន សំពៅពូន)។ ក្រុមកម្រិតថ្នាក់វិទ្យាល័យ លេខ ១ ៖ សាប៊ូដុំធម្មជាតិ Clean Legend (វិទ្យាល័យ ហ៊ុន សែន អង្គស្នួល) ,លេខ ២ ៖ Green Dish Soap, (វិទ្យាល័យជ័យវរ្ម័នទី៧), លេខ ៣ ៖ The 3R's (វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង)។ បន្ថែមពីនេះ ក្រុមជ័យលាភី Judge’s Choice Award បានទៅលើ ក្រុមកុមារីថ្នាំសម្លាប់សត្វល្អិត (វិទ្យាល័យ ហ៊ុន សែន កោះធំ)។

កញ្ញា គីម សុភ័ស ​ Curator នៃ Global Shaper Phnom Penh Hub

បន្ថែមពីនេះ កញ្ញា គីម សុភ័ស ដែលជា​ Curator នៃ Global Shaper Phnom Penh Hub ក៏បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា «កម្មវិធី Riel Hackathon for kids 2025 បាននាំមកនូវផលជះជាវិជ្ជមានសម្រាប់ កុមារ កម្ពុជា ដែលមានអាយុចាប់ពី 10-18 ទទួលបាន ចំណេះដឹង ទាក់ទងទៅនឹង ហិរញ្ញវត្ថុ ការធ្វើការជាក្រុម និង ពង្រឹងភាពក្លាហាន សុទ្ធសឹងតែជាជំនាញដ៏ចាំបាច់ សម្រាប់ជីវិត ដែលជួយបណ្តុះផ្នត់គំនិត កុមារ ប្រែក្លាយបញ្ហាជាឱកាសដែលជំនាញទាំងនេះបានធ្វើឲ្យ ទំពាំងកម្ពុជា ក្លាយទៅទៅជាសសរទ្រូងដ៏មានសក្តានុពល និងជាធនធានគ្រាប់ពេជ្ររបស់យើង នាពេលដ៏ខ្លីខាងមុខដែលអាចនាំកម្ពុជាឆ្ពោះទៅសករាជថ្មីនៃអាជីវកម្ម និងការអភិវឌ្ឈន៍សង្គមប្រកបដោយ វឌ្ឍន:ភាព និងនិរន្តរភាព។»។

គួរបញ្ជាក់ថា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ កម្មវិធិមានការចូលរួមពីសំណាក់នាយក នាយិកា និងតំណាងមកពីសាលារដ្ឋទាំង២០ គណៈកម្មការវាយតម្លៃ អាណាព្យាបាលសិស្ស គ្រូបង្វឹក គ្រូបង្រៀនអង្គការបង្រៀនដើម្បីកម្ពុជា ព្រមទាំងបុគ្គលិកផ្នែករៀបចំគម្រោងពី អង្គការបង្រៀនដើម្បីកម្ពុជា និង Global Shapers Phnom Penh ជាសរុបប្រមាណ ជាង៣០០នាក់៕


Khcct banner

អត្ថបទទាក់ទង