សៀមរាប៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអប់រំបេតិកភណ្ឌ ដោយមានអ្នកចូលរួមសរុប ៣០នាក់។
វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងក្នុងបំណងបង្កើនចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត អារ្យធម៌អង្គរ ការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ ជូនគ្រូបង្រៀនសាលាបឋមសិក្សា ដូចជា សាលាបឋមសិក្សាក្របីរៀល វត្តលលៃ ភូមិភាគ៤ តាប៉ាង បង្កោងអូមីយ៉ាស៊ីធីរូតាវី បាគង ហ៊ុនសែនរលួស សម្រាប់ចុះបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបន្តដល់គ្រឹះស្ថានសិក្សានានា ក្នុងតំបន់អង្គរ។ ក្រោយវគ្គបណ្ដុះបណ្តាលនេះ សិក្ខាកាម ក៏នឹងទទួលបានការហ្វឹកហាត់ផ្ទាល់ក្នុងថ្នាក់រៀន ពេលក្រុមការងារអាជ្ញាធរជាតិអប្សរា ចុះបង្រៀននៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា៕