ភ្នំពេញ៖ រដ្ឋមន្ត្រីបរិស្ថានកម្ពុជា លោក អ៊ាង សុផល្លែត អំពាវនាវឱ្យប្រទេសក្នុងតំបន់ បង្កើតនូវផែនការអាទិភាព និងសកម្មភាពក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង ដើម្បីភាពស្អាត ភាពបៃតង និងឆ្លើយតបនឹងការការប្រែប្រួលអាកាសធាតុ ខណៈសកម្មភាពខិតខំប្រឹងប្រែងរបស់កម្ពុជាធ្វើបានក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ ដើម្បីភាពស្អាតក្នុងទឹក កម្ពុជាបានទប់ស្កាត់មិនឱ្យទឹកកខ្វក់ហូរចូលប្រភពទឹកសាធារណៈ បានទប់ស្កាត់បានប្រមាណ១៥លានម៉ែត្រគូប។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៣០ កញ្ញា ក្នុងពិធីសន្និសីទ ស្តីពីការផ្លាស់ប្តូរទៅរកភាពបៃតង ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម មានប្រសាសន៍អំពាវនាវដល់ប្រទេសក្នុងតំបន់ទាំងអស់ រួមគ្នាបង្កើតនូវផែនការអាទិភាព និងសកម្មភាពក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីលទ្ធផលនាពេលកន្លងមកថា ក្រសួងបរិស្ថាន ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន បានអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាមនិងសំណល់ប្លាស្ទិក» ធ្វើឱ្យធ្វើឱ្យផ្លូវជាតិ ទីសាធារណៈមានសោភ័ណភាព និងកាត់បន្ថយបានការនាំចូលប្លាស្ទិក បាន៨៥%។
លើសពីនេះតាមរយៈយុទ្ធនាការ ដើម្បីភាពស្អាតក្នុងទឹក កម្ពុជា បានទប់ស្កាត់មិនឱ្យទឹកកខ្វក់ហូរចូលប្រភពទឹកសាធារណៈ ក្នុងនោះ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ បានទប់ស្កាត់បានប្រមាណ១៥លានម៉ែត្រគូប។ បន្ថែមពីនេះ លោក អ៊ាង សុផល្លែត បានជំរុញលើកទឹកចិត្តដល់ប្រទេសក្នុងតំបន់ និងស្ថាប័នពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងធនធានធម្មជាតិជាមួយគ្នា ដោយបង្កើតផែនការសកម្មភាពអាទិភាព ដើម្បីបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលនាំឱ្យមានការបំពុលបរិស្ថាន ចេញពីរោងចក្រ សហគ្រាស ចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិ កាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងធ្វើការឆ្លើយបនឹងការប្រែប្រួលអាកាសធាតុ៕