ឥណ្ឌូនេស៊ី៖ មានយ៉ាងហើចណាស់សិស្សសាលា Al Khoziny Islamic Boarding School ជាង ៦០នាក់ស្ថិតនៅក្នុងទីក្រុង Sidoarjo ខេត្តជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ីកំពុងតែជាប់គាំងនៅក្នុងគំនរអគារបាក់បែកបន្ទាប់ពីសាលារៀន al-Khoziny បានបាក់រលំកាលពីរសៀលថ្ងៃទី ២៩ ខែ កញ្ញា។ ហេតុការណ៍ដ៏រន្ធត់នេះបានបណ្តាលឲ្យសិស្សម្នាក់ស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតកំពុងតែកប់ក្នុងគំនរអគារនៅពេលដែលពួកគេកំពុងតែធ្វើការអធិដ្ឋាន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌូនេស៊ីគិតត្រឹមរសៀលថ្ងៃទី ៣០ ខែ កញ្ញានេះជនរងគ្រោះស្លាប់ដោយសារគំនរបាក់បែកអគារមានចំនួនម្នាក់ ខណៈសិស្សនិងកម្មករ ៦៥នាក់ទៀតកំពុងតែជាប់ក្នុងគំនរអគារបាក់បែក។ អាជ្ញាធរបានអះអាងថាសិស្សសាលាកំពុងតែអធិដ្ឋាននៅក្នុងអគារដែលកំពុងតែសាងសង់ក្រោយមកក៏បានរលំសង្គត់អ្នកទាំងអស់គ្នា។ ភ្លាមៗទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សយ៉ាងហោចណាស់ ១០២ នាក់ចេញពីអគារ ហើយមនុស្សជិត ៨០ នាក់ក្នុងចំណោមអ្នកជួយសង្គ្រោះ រួមទាំងកម្មករសំណង់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃអង្គារនេះ សិស្សចំនួន ៦៥នាក់នៅក្នុងបញ្ជីសាលារៀននៅតែបន្តបាត់ខ្លួន ដោយប្រតិបត្តការរុករកនិងជួយសង្រ្គោះកំពុងតែបន្ត ជនរងគ្រោះភាគច្រើនជាក្មេងប្រុសដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ។ អាជ្ញាធរប៉ាន់ប្រមាណថាចំនួនសិស្សដែលបន្តស្លាប់អាចនឹងកើនឡើងទៀតដោយសារតែគំនរអគារច្រើនខ្លាំងពិបាកក្នុងការជួយសង្រ្គោះ៕