ភ្នំពេញ៖ ក្លឹបធរណីវិទ្យាកម្ពុជា រៀបចំកម្មវិធីទស្សនកិច្ចសិក្សាប្រចាំឆ្នាំ ២០២៥ សម្រាប់សិស្សានុសិស្ស ដែលសិក្សាចន្លោះថ្នាក់ទី ៧ ដល់ ថ្នាក់ទី១២ ឬទើបបញ្ចប់ថ្នាក់ទី១២។ កម្មវិធីទស្សនកិច្ចសិក្សានេះផ្តោតលើសកម្មភាពពីរធំៗ គឺ ការស្រាវជ្រាវជាក្រុមពាក់ព័ន្ធនឹងធរណីវិទ្យា និង ការរៀបចំសកម្មភាពរត់ដើម្បីបរិស្ថាន ដែលមានរយៈពេល ចំនួន ២ ថ្ងៃ (15-16 វិច្ឆិកា 2025) នៅខេត្តព្រះសីហនុ។
សកម្មភាពគោលសំខាន់ៗ រួមមាន ការស្រាវជ្រាវជាក្រុមពាក់ព័ន្ធនឹងប្រធានបទធរណីវិទ្យា និង ការរៀបចំសកម្មភាពរត់ដើម្បីបរិស្ថាន ។ ចំពោះការស្រាវជ្រាវ មានរួមបញ្ចូលនូវ ការអនុវត្ត និងស្រាវជ្រាវជាក្រុម, ការពិភាក្សាក្រុម, សកម្មភាពអង្គុយជាក្រុម ពិភាក្សា បង្កើនទំនាក់ទំនងបន្ថែម , ការធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវ។ ប្រធានបទនៃការស្រាវជ្រាវនេះផ្ដោតទៅលើមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា ដែលត្រូវបានចែកចេញជា ៨ ប្រធានបទ៖ ១៖ លក្ខណៈសិលា, ២៖ លក្ខណៈទូទៅរបស់ទឹកសមុទ្រ, ៣៖ មីក្រូផ្លាស្ទិច, ៤៖ ធាតុអាកាស, ៥៖ ព្រៃឈើ, ៦៖ ប្រភេទដី, ៧៖ជីវចម្រុះតំបន់ឆ្នេរ, ៨៖ ជំនោរលំនាច។ សកម្មភាពជាក្រុមនេះ នឹងមានទទួលបានមេដាយ មាស ប្រាក់ សំរឹទ្ធ សម្រាប់ក្រុមជ័យលាភីលេខ ១ ២ ៣។
ចំពោះ សកម្មភាពរត់ដើម្បីបរិស្ថាន សិស្សានុសិស្សនឹងរត់ចម្ងាយ 3.5km ក្នុងគោលបំណងលើកកម្ពស់សុខភាពតាមរយៈសកម្មភាពកីឡា និងដើម្បីផ្សព្វផ្សាយអំពីការថែរក្សាបរិស្ថាន។ មេដាយនឹងប្រគល់ជូនសម្រាប់សមាជិកដែលបានរត់គ្រប់ចម្ងាយកំណត់។ បន្ថែមពីនេះ ក៏មានរួមបញ្ចូលសកម្មភាពរើសសំរាមសម្អាតបរិស្ថាន ដើម្បីបង្ហាញអំពីការថែរក្សាបរិស្ថានទៅកាន់សមាជិកចូលរួម និងប្រជាជនក្នុងតំបន់។
លោក មន មករា ប្រធានគម្រោង និងជាអនុប្រធានក្លឹបធរណីវិទ្យាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «កម្មវិធីទស្សនកិច្ចសិក្សារបស់ក្លឹបធរណីវិទ្យាកម្ពុជាបង្កើតឡើងក្នុងគោលបំណង ចង់ឱ្យប្អូនៗដែលមានចំណងចំណូលចិត្តខាងផ្នែកវិទ្យាសាស្រ្ត និងការស្រាវជ្រាវមានឱកាសបានធ្វើការសិក្សាស្រាវជ្រាវបន្ថែមនៅលើទីវាលជាកស្តែង ដើម្បីឱ្យពួកគេចេះធ្វើការងារជាក្រុម ចេះប្រមូល និង វិភាគទិន្នន័យសម្រាប់សរសេរជារបាយការណ៍ដើម្បីបង្កើតជាស្នាដៃផ្ទាល់ខ្លួន។ លើសពីនេះ តាមរយៈការធ្វើងារស្រាវវាបានបណ្តុះនូវបំណិនផ្សេងៗជាច្រើនទៀតដូចជា បំណិន សហការ ដោះស្រាយបញ្ហា ការប្រើប្រាស់បច្ចេកវិទ្យា វិភាគ ពន្យល់ និង បកស្រាយ សុទ្ធសឹងជាបំណិនសតវត្យទី ២១ ដែលសង្គមជាតិកុំពុងត្រូវការសម្រាប់ការអភិឌ្ឍប្រទេសឱ្យមានភាពរីកចម្រើន។»
កញ្ញា ជួប បុញ្ញវន្តី ដែលជាអតីតសិស្សធ្លាប់បានចូលរួមកម្មវិធីមួយនេះ បានរៀបរាប់ថា «Geology Club Cambodia ដែលក្លឹបធរណីវិទ្យាមួយនៅកម្ពុជា ផ្តោតទៅលើការចុះកម្មសិក្សាស្រាវជ្រាវទៅលើការយកចំណេះដឹង និងទ្រឹស្តីមកអនុវត្តផ្ទាល់។ សិស្សានុសិស្សដែលកំពុងសិក្សានៅកម្រិតអនុវិទ្យាល័យ វិទ្យាល័យដែលស្រឡាញ់ ចូលចិត្តផ្នែកស្រាវជ្រាវ និងអនុវត្តផ្ទាល់ មិនគួរមើលរំលងក្លឹបធរណីវិទ្យាកម្ពុជានេះឡើយ ព្រោះក្លឹបនឹងរៀបចំកម្មវិធីនេះ ហើយយើងអាចផ្សាភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្សមកពីគ្រប់ទិសទី។ ដូច្នេះ ក្នុងនាមខ្ញុំជាអ្នកធ្លាប់ចូលរួមការស្រាវជ្រាវជាមួយក្លឹបធរណីវិទ្យាកម្ពុជា ខ្ញុំសូមជម្រុញ និងលើកទឹកចិត្តអ្នកទាំងអស់គ្នា ដាក់ពាក្យចុះឈ្មោះចូលរួមឲ្យបានច្រើន ដើម្បីវាស់ស្ទុះសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីពីក្លឹប។»។
គួរបញ្ជាក់ថា សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ពីកម្មវិធីនេះ អាចទាក់ទងទៅកាន់ក្រុមការងារ ក្លឹបធរណីវិទ្យាកម្ពុជា តាមរយៈតេលេក្រាម (0972770277 ឬ @gccamboida) ឬ ចុះឈ្មោះតាមរយៈ៖ https://forms.gle/JSyeh1kk9TfzEM3Z8 ឱ្យបានមុនថ្ងៃទី ១២ តុលា ២០២៥៕