ភ្នំពេញ៖ ក្រសួងអប់រំ កំពុងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់ក្រោយឧត្តមសិក្សា ចំនួន២០នាក់ និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ចំនួន១០០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គម និយមវៀតណាម ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ ការទទួលពាក្យអាហារូបករណ៍នេះ ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សា ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទី។
យោងតាមសេចក្តីជូនដំណឹងនៃអាហារូបករណ៍ បានឱ្យដឹងថា បេក្ខជនដែលមានបំណងដាក់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ត្រូវមានលក្ខខណ្ឌ មានសញ្ជាតិខ្មែរ និងមានអាយុមិនលើសពី៣៥ឆ្នាំ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ , មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល និងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។ ចំពោះបេក្ខជនថ្នាក់បរិញ្ញាបត្រ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានវិញ្ញាសាពីរគឺ វិញ្ញាសាវប្បធម៌ទូទៅ រយៈពេល ១ម៉ោង ៣០នាទី និង គណិតវិទ្យារយៈពេល ១ម៉ោង ៣០នាទី។ គួរបញ្ជាក់ថា និស្សិតថ្នាក់បរិញ្ញាបត្រ ត្រូវជ្រើសរើសមុខជំនាញសិក្សារបស់ខ្លួន នៅក្រោយពេលប្រឡងជាប់។
ចំណែកឯ អាហារូបករណ៍សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា (ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២០កន្លែង) លក្ខខណ្ឌ តម្រូវឱ្យ មានសញ្ជាតិខ្មែរ, ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រមកពីសាធារណរដ្ឋ សង្គមនិយមវៀតណាម, មានអាយុមិនលើសពី៤០ឆ្នាំ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងមិនកំណត់អាយុសម្រាប់ថ្នាក់បណ្ឌិត, មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។ បេក្ខជន ដែលបានដាក់ពាក្យសុំអាហារូបករណ៍ ត្រូវឆ្លងកាត់ការជ្រើសរើសដោយគណៈកម្មការ របស់ក្រសួងអប់រំ យុវជន និងកីឡា។
បើតាមប្រភពដដែល ការទទួលពាក្យអាហារូបករណ៍នេះ ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សា ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទី នៅការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃនាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)។ ចំពោះព័ត៌មានលម្អិតផ្សេងៗ បេក្ខជនអាចទាក់ទងសួរនាំដោយផ្ទាល់នៅការិយាល័យសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន តាមរយៈទូរសព្ទលេខ ៖ ០៩៨ ៩៨៩ ៧៨៩ និង ០២៣ ២១០ ៥៥៣៕