ពោធិ៍សាត់៖ សមាគម នៃសហគ្រាសវិនិយោគថាមពលអគ្គិសនីចិននៅកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានសហការរៀបចំកម្មវិធី “ពានរង្វាន់អគ្គិសនីបំភ្លឺផ្លូវពាណិជ្ជកម្ម” ឆ្នាំ២០២៥ ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ព្រឹត្តការណ៍នេះ បង្កើតឡើងដើម្បីជាឱកាសជួបជុំគ្នារវាងអ្នកជំនាញផ្នែកថាមពលអគ្គិសនីកម្ពុជា-ចិន ជាការបង្ហាញនូវទេពកោសល្យ ការចែករំលែកបទពិសោធ និងការអនុវត្តជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងវិស័យថាមពលអគ្គិសនី រវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។
ការប្រកួតប្រជែងជំនាញបច្ចេកទេសនេះ ត្រូវបានធ្វើឡើងបាន២លើករួចមកហើយ ដោយលើកទី១ បានប្រព្រឹត្តទៅនៅខេត្តស្ទឹងត្រែង និងលើកទី២ នៅខេត្តកោះកុង និងលើកទី៣ គឺប្រព្រឹត្តទៅនៅខេត្តពោធិ៍សាត់។ ព្រឹត្តការណ៍នេះ បង្កើតឡើងដើម្បីជាឱកាសជួបជុំគ្នារវាងអ្នកជំនាញផ្នែកថាមពលអគ្គិសនីកម្ពុជា-ចិន ជាការបង្ហាញនូវទេពកោសល្យ ការចែករំលែកបទពិសោធ និងក៏ជាការអនុវត្តជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងវិស័យថាមពលអគ្គិសនី រវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។
បេក្ខជនដែលបានចូលរួមប្រកួតមាន២ក្រុម៖ ជនជាតិចិន១ក្រុម និងជនជាតិខ្មែរ១ក្រុម និងបានទទួលជ័យលាភីទៅតាមផ្នែកនីមួយៗ នៃវិញ្ញាសាសម្រាប់ការប្រកួតរបស់អ្នកជំនាញបច្ចេកទេសនៃជនជាតិទាំងពីរ។ វិញ្ញសានៃការប្រកួតប្រជែងគឺមានបីធំៗរួមមាន ការប្រឡងទ្រឹស្តី ការអនុវត្តជាក់ស្តែង និងសំណួរចម្លើយ។ ជាលទ្ធផលនៃការប្រកួត គណៈកម្មការបានរកឃើញម្ចាស់ជ័យលាភី ដែលជាក្រុមប្រកួតរវាងជនជាតិខ្មែរទទួលបានពានរង្វាន់លេខ១ ចំនួន ២រូប, លេខ២ ចំនួន២រូប និងលេខ៣ ចំនួន៤រូប។ រីឯម្ចាស់ជ័យលាភីសម្រាប់ក្រុមប្រកួតរវាងជនជាតិចិន ទទួលបានពានរង្វាន់លេខ១ ចំនួន ១រូប, លេខ២ ចំនួន៣រូប និងលេខ៣ ចំនួន៥រូប។
លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ បានថ្លែងថា «កម្មវិធីប្រកួតជំនាញបច្ចេកទេសឆ្នាំ២០២៥» នេះ គឺជាការធ្វើសមាហរណកម្មឧស្សាហកម្មនិងការអប់រំនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលទីតាំងនេះនឹងក្លាយជាទីកន្លែងបណ្តុះបណ្តាលយុវជនដែលជាមូលធនមនុស្ស និងអ្នកជំនាញផ្នែកថាមពលកម្ពុជា-ចិន និងសម្រាប់កិច្ចសហការ រវាងសាលាបច្ចេកវិទ្យានៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា កម្មវិធីដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ មាន វត្តមាន លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើក និងបិទកម្មវិធីប្រកួតប្រជែងជំនាញ , លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងវត្តមានចូលរួមពីទីប្រឹក្សាក្រសួងរ៉ែ និងថាមពល, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងអគ្គិសនីកម្ពុជា, លោកប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា, លោកប្រធានសមាគមសហគ្រាសអគ្គិសនី នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា, តំណាងវិស័យឯកជន អាជ្ញាធរក្រោមជាតិ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់៕