681 ezgif.com resize
Swift cc time

ចិនកាត់ទោសប្រហារជីវិតអតីត«រដ្ឋមន្ត្រីក្រសួងកសិកម្ម»ពីបទទទួលសំណូក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Tang Renjian អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន

ចិន៖ លោក Tang Renjian អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន ត្រូវបានតុលាការចិនកាត់ទោសប្រហារជីវិត ពីបទស៊ីសំណូកមុនសម្រេចទោសចុងក្រោយ លោក Tang Renjian ក៏ត្រូវបានដកហូតសិទ្ធិនយោបាយអស់មួយជីវិត ដោយត្រូវរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់លោកដែលមានប៉ុន្មាន ក្នុងនោះប្រាក់ចំណេញខុសច្បាប់ និងផលប្រយោជន៍ពាក់ព័ន្ធរបស់លោកត្រូវបានបញ្ជាឱ្យប្រគល់ទៅរតនាគាររដ្ឋចិនវិញ។ នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការប្រជាជនកម្រិតមធ្យមនៃទីក្រុង Changchun ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនតុលាការបានរកឃើញថាចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០២៤លោក Tang បានប្រើប្រាស់មុខតំណែងរបស់លោក រួមទាំងតួនាទីជាអភិបាលខេត្ត Gansu និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងនោះលោកទទួលសំណូកលុយជាច្រើនលានដុល្លារតាមរយៈប្រតិបត្តិការអាជីវកម្ម កិច្ចសន្យាគម្រោង និងការកែសម្រួលការងារ។ តុលាការចិនបានអះអាងទៀតថា ជាថ្នូរនឹងការទទួលសំណូកដែលមានតម្លៃ ២៦៨ លានយ័ន (៣៧.៧លានដុល្លារ) ។ តុលាការបានសម្រេចក្តីចុងក្រោយតម្រូវឲ្យលោក Tang ត្រូវតែកាត់ទោសពីបទសូកប៉ាន់ និងកាត់ទោសប្រហារជីវិត ពីព្រោះចំនួនប្រាក់សំណូករបស់លោកមានចំនួនច្រើនណាស់ ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងធំធេងដល់ប្រទេស និងប្រជាជន។

គួរកត់សម្គាល់ថាលោក Tang Renjian វ័យ ៦៣ ឆ្នាំ មានដើមកំណើតនៅទីក្រុង Chongqing បានចាប់ផ្តើមបម្រើការងារដំបូលនៅឆ្នាំ ១៩៨៣ ហើយបានចូលរួមជាមួយបក្សកុម្មុយនិស្តចិនក្នុងឆ្នាំ ១៩៩១។ លោកធ្លាប់ធ្វើការក្នុងវិស័យកសិកម្មរបស់ប្រទេសចិននេះអស់ជាច្រើនទសវត្សរ៍មុនក្លាយជារដ្ឋមន្រ្តីក្រសួងកសិកម្ម។ លោកត្រូវបានគេដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការសង្ស័យថាបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិន័យបក្ស និងច្បាប់ជាតិក្នុងខែឧសភា ឆ្នាំ ២០២៤ ប្រាំមួយខែក្រោយមកលោកត្រូវបានបណ្តេញចេញពីបក្ស ហើយត្រូវបានដកចេញពីតំណែងសាធារណៈ៕

Khcct banner

អត្ថបទទាក់ទង