ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់សិស្សដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍នេះនឹងបើកទទួលពាក្យរហូតដល់ថ្ងៃទី ២៥ ខែតុលា ២០២៥។
យោងតាមសេចក្តីជូនដំណឹងនៃ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានឱ្យដឹងថា អាហារូបករណ៍នេះ តម្រូវឱ្យបេក្ខជនមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ឯកសារដែលបញ្ជាក់ដែលមានតម្លៃស្មើ ហើយបេក្ខជនត្រូវបំពេញលក្ខខណ្ឌចុះឈ្មោះប្រឡងដើម្បីចូលរៀនដែលកំណត់ដោយគ្រឹះស្ថានសិក្សា ។ បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងប្រជែង ដែលរៀបចំដោយក្រុមការងារ «កម្មវិធីសាបគ្រោះគ្រាប់ពូជ» នៃស.ស.យ.ក រាជធានីភ្នំពេញ។ បេក្ខជនត្រូវទទួលបន្ទុកចំណាយលើការចុះឈ្មោះចូលរៀន សេវារដ្ឋបាល។ ក្រោយបានជាប់ជ័យលាភី បេក្ខជនត្រូវចូលរួមសកម្មភាពសង្គមនានារបស់ ស.ស.យ.ក រាជធានីភ្នំពេញ។
បើតាមប្រភពដដែល បេក្ខជនដែលមានចំណាប់អារម្មណ៍អាចទាញពាក្យយកបំពេញ ហើយដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានមុនថ្ងៃទី ២៥ ខែតុលា ២០២៥។លិខិតដែលត្រូវភ្ជាប់ក្នុងការដាក់ពាក្យអាហារូបករណ៍នេះរួមមាន ពាក្យស្នើសុំអាហារូបករណ៍ ជីវប្រវត្តិសង្ខេប សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អត្តសញ្ញាណបណ្ណ ឬលិខិតបញ្ជាក់សំបុត្រកំណើត សៀវភៅស្នាក់នៅ និងរូបថតក្នុងពេលថ្មី ( 4x6) ដែលគ្មានវែនតា និងមានផ្ទៃខាងក្រោយពណ៌ស៕