ភ្នំពេញ៖ មូលនិធិបុប្ផាគន្ធ ផ្តល់អាហារូបករណ៍ជាទឹកប្រាក់ចំនួន ១០០០ដុល្លារក្នុងមួយឆ្នាំ ដល់និស្សិត៥នាក់ សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ(ពីឆ្នាំទី១ដល់ឆ្នាំទី៤)។ លក្ខខណ្ឌតម្រូវឱ្យសិស្សជាសិស្សមកពីខេត្ត មកពីគ្រួសារដែលមានជីវភាពខ្វះខាត ជាកូនទីមួយក្នុងគ្រួសារដែលមានឱកាសបន្តការសិក្សា មានចរិតស្លូតបូត និងការសិក្សាមានលទ្ធផលល្អ។
យោងតាមមូលនិធិបុប្ផាគន្ធ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥នេះ អាហារូបករណ៍បានផ្តល់ជូនចំនួន៤ជំនាន់មកហើយ ដោយមូលនិធិនេះបានជ្រើសរើសសិស្សដែលមានជីវភាពខ្វះខាតឱ្យមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញចំនួន២១នាក់។ អាហារូបករណ៍ «មូលនិធិបុប្ផាគន្ធ» ជាអាហារូបករណ៍ដែលផ្តល់ជាទឹកប្រាក់ចំនួន១០០០ដុល្លារ ក្នុងមួយឆ្នាំ ដល់សិស្សដើម្បីផ្គត់ផ្គង់ការចំណាយសម្រាប់ការសិក្សារបស់គេនៅរាជធានីភ្នំពេញ រយៈពេល៤ឆ្នាំពេញ ។
បើតាមគេហទំព័រផ្លូវការនៃមូលនិធិបុប្ផាគន្ធ អាហារូបករណ៍ជាទឹកប្រាក់១០០០ដុល្លារក្នុងមួយឆ្នាំនេះ នឹងត្រូវផ្ដល់ជូនដល់និស្សិតចំនួន៥នាក់ ដោយកំណត់តាមអាទិភាពដូចជា៖ ១. ជានិស្សិតដែលនឹងចាប់ផ្ដើមការសិក្សានៅសាកលវិទ្យាល័យណាមួយនៅរាជធានីភ្នំពេញចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ ខាងមុខនេះ, ២. មកពីគ្រួសារដែលមានជីវភាពខ្វះខាត ឬមានបន្ទុកគ្រួសារធ្ងន់, ៣. ជាកូនទីមួយក្នុងគ្រួសារដែលមានឱកាសបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ, ៤. មកពីបណ្ដាខេត្តដាច់ស្រយាល និងមិនមានគ្រួសារឬសាច់ញាតិជាទីពឹងអាស្រ័យនៅភ្នំពេញ, ៥. មានចរិតស្លូតបូត និងស្មោះត្រង់, ៦. ការសិក្សាមានលទ្ធផលល្អ ឬទទួលបាននិទ្ទេសល្អពីការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥។
ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍មកមូលនិធិ បុប្ផាគន្ធ បេក្ខជនត្រូវចូលទៅកាន់ តំណភ្ជាប់ https://forms.gle/p7jrQDcZwgtXgnow8 ហើយបំពេញឱ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ការបំពេញពាក្យនេះ តម្រូវឱ្យបេក្ខជនបំពេញព័ត៌មានផ្ទាល់ខ្លួន លទ្ធផលនៃការសិក្សា និងសំណេរមួយចំនួនពាក់ព័ន្ធជាមួយនឹងឆន្ទៈរបស់បេក្ខជន និងស្ថានភាពគ្រួសារ៕