681 ezgif.com resize
Swift cc time

សិស្សមកពីសាលារដ្ឋចំនួន២០ នឹងចូលរួម«ការប្រកួតប្រជែងសហគ្រិនវ័យក្មេង ឆ្នាំ២០២៥» ដើម្បីបង្ហាញជំនាញសតវត្សរ៍ទី២១ និងសហគ្រិនភាព

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្មំពេញ៖ សិស្ស១០៨ នាក់ មកពីសាលារដ្ឋ២០ផ្សេងគ្នាដែលស្ថិតនៅខេត្តកណ្តាល និងរាជធានីភ្នំពេញនឹងចូលរួម «ការប្រកួតប្រជែងសហគ្រិនវ័យក្មេង២០២៥» នៅថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២៥។ កម្មវិធី«ការប្រកួតប្រជែងសហគ្រិនវ័យក្មេង២០២៥» ជាកម្មវិធីមួយដែលត្រូវបានរៀបចំដោយ អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) និង Global Shaper Phnom Penh Hub ដែលត្រូវបានផ្តួចផ្តើមឡើងតាំង ពីឆ្នាំ២០២២ ដើម្បីអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សដែលមានអាយុពី១១ ដល់ ១៨ឆ្នាំក្នុងការដោះស្រាយបញ្ហា តាមរយៈការឆ្នៃប្រឌិត និងសហគ្រិនភាព។

យោងតាមអង្គការបង្រៀនដើម្បីកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ នេះ សិស្សទាំង១០៨នាក់ដែលត្រូវបានរៀបចំជាក្រុម បានឆ្លងកាត់ការប្រកួតយ៉ាងស្វាត់ស្វាញជាមួយនឹងសិស្សសរុបចំនួនប្រមាណ ២៥០០ នាក់ ដោយពួកគេបានប្រកួតគ្នាតាមសាលារៀងៗខ្លួន ហើយមានសិស្សតែចំនួន ២៥ ក្រុមតែប៉ុណ្ណោះនឹងមកប្រកួតនៅថ្ងៃទី ២៧ កញ្ញា ២០២៥ ដែលពួកគេមកពីសាលា២០ផ្សេងៗគ្នា ដែលប្រកួតទៅតាមកម្រិតសិក្សាដែលមានបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

បើតាមក្រុមការងារអង្គការបង្រៀនដើម្បីកម្ពុជា បានឱ្យដឹងថា មុននឹងដល់វគ្គប្រកួតគំនិតអាជីវកម្មនេះ សិស្សត្រូវធ្វើការងារជាក្រុមនៅតាមសាលារបស់់ពួកគេ ដើម្បីស្វែងរកគំនិត អាជីវកម្មដោយប្រើដើមទុនចំនួន២០០០០រៀលតែប៉ុណ្ណោះ។ បន្ទាប់មកសិស្សត្រូវប្រកួតគ្នាតាមថ្នាក់រៀន និងសាលារបស់ពួកគេ មុននឹងឈានមកដល់ដំណាក់កាលទី២ក្នុងការ ទទួលបានដើមទុនដើម្បីទៅអនុវត្តនូវគំនិតអាជីវកម្មរបស់ពួកគេ។ សិស្សានុសិស្សមានពេល៣សប្តាហ៍ក្នុងការតេស្ត អាជីវកម្មរបស់ខ្លួនជាមួយនឹងដើមទុន២០០០០រៀល ព្រមទាំងមានឱកាសក្នុងការជួបជាមួយនឹងអ្នកណែនាំដែលមានបទពិសោធន៍លើការបង្កើតគំនិតអាជីវកម្ម។ ជាចុងក្រោយ ពួកគេនឹងចូលរួមប្រកួតនៅថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើបទបង្ហាញអាជីវកម្ម និងសមិទ្ធផលរបស់ខ្លួន។

តាមរយៈកម្មវិធីប្រកួតប្រជែងសហគ្រិនវ័យក្មេង សិស្សានុសិស្សនឹងអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់ សតវត្សរ៍ទី២១ ដូចជា ការសហការគ្នា ការច្នៃប្រឌិត និងជំនាញដោះស្រាយបញ្ហា ដែលអាចឱ្យពួកគេត្រៀមខ្លួន សម្រាប់ការងារ និងជីវិតផ្ទាល់ខ្លួននាពេលអនាគត។ មុននឹងសិស្សានុសិស្សចូលរួមវគ្គប្រកួតនេះ សិស្សទាំងអស់ត្រូវបានបង្រៀនមេរៀនដោយលោកគ្រូអ្នកគ្រូនៃ អង្គការបង្រៀនដើម្បីកម្ពុជា ដោយពឹងផ្អែកទៅលើកម្មវិធីសិក្សា Aflateen+ និង កម្មវិធីសិក្សាហិរញ្ញវត្ថុដែលចងក្រងឡើងដោយ អង្គការឆាលហ្វាន កម្ពុជា អង្គការបង្រៀនដើម្បីកម្ពុជា និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ផងដែរ ក្នុងរយៈពេលបីឆ្នាំកន្លងមក លោកគ្រូអ្នកគ្រូនៃអង្គការបង្រៀនដើម្បីកម្ពុជា បានដឹកនាំកម្មវិធីអប់រំពីហិរញ្ញវត្ថុដល់ សិស្សានុសិស្សនៅសាលារដ្ឋ ដែលចាប់ផ្ដើមពី៥សាលាក្នុងឆ្នាំ ២០២២ រហូតដល់ ២១ សាលា ក្នុងឆ្នាំ ២០២៤។ នៅឆ្នាំ ២០២៥ នេះ កម្មវិធីការប្រកួតប្រជែងសហគ្រិនវ័យក្មេង នឹងមានអ្នកចូលរួមចំនួន ២៨០ នាក់ រួមមានសិស្សចំនួន ១០៨ នាក់ ពីសាលាដៃគូរបស់អង្គការបង្រៀនដើម្បីកម្ពុជាសរុបចំនួន ២០ សាលា ក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញ មកបង្ហាញគំនិត និងការច្នៃប្រឌិតរបស់ពួកគេ។ ឆ្នាំនេះពិសេសជាងឆ្នាំមុនពីព្រោះ លើសពីការអប់រំហិរញ្ញវត្ថុ យើងបានបន្ថែមការអប់រំអំពីឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ តាមរយៈការចូលរួមជាដៃគូរបស់យើងជាមួយ អង្គការឆាលហ្វាន កម្ពុជា (ChildFund Cambodia) និងឧបត្ថម្ភ ដោយអង្គការឆាលហ្វាន កូរ៉េ (ChildFund Korea) និង Community Chest of Korea៕

Khcct banner

អត្ថបទទាក់ទង