ភ្នំពេញ៖ យុវជនកម្ពុជា ៨រូប ទទួលបានអាហារូបករណ៍រដ្ឋាភិបាលតួកគីយ៉េ ឆ្នាំ ២០២៥ ក្នុងចំណោមយុវជនផ្សេងទៀតជុំវិញពិភពលោក។ និស្សិតទាំង៨រូប នឹងបន្តការសិក្សាក្នុងជំនាញផ្សេងៗគ្នាដូចជាក្នុងកម្រិតបរិញ្ញាបត្រចំនួន ៤រូប អនុបណ្ឌិត ចំនួន៣រូប និងថ្នាក់បណ្ឌិត ចំនួន១រូប ក្រោមអាហារូបករណ៍ពេញលេញ រួមមាន ថ្លៃសិក្សា ថ្លៃស្នាក់នៅ ថ្លៃធ្វើដំណើរយន្តហោះទៅ-មក ប្រាក់ឧបត្ថម្ភប្រចាំខែ និងការធានារ៉ាប់រងសុខភាព និងអាហារ២ពេល។
យោងតាមសមាគមនិស្សិតកម្ពុជានៅតួកគី បានឱ្យដឹងថា អាហារូបករណ៍រដ្ឋាភិបាលតួកគី (Turkiye Burslari Scholarship) គឺជាកម្មវិធីដ៏ល្បីល្បាញមួយដែលផ្តល់ដោយរដ្ឋាភិបាលសាធារណរដ្ឋតួកគីសម្រាប់និស្សិតអន្តរជាតិមកពីជុំវិញពិភពលោក។ អាហារូបករណ៍នេះរ៉ាប់រងលើការចំណាយទាំងស្រុង រួមមាន ថ្លៃសិក្សា ថ្លៃស្នាក់នៅ ថ្លៃធ្វើដំណើរយន្តហោះទៅ-មក ប្រាក់ឧបត្ថម្ភប្រចាំខែ និងការធានារ៉ាប់រងសុខភាព និងអាហារ២ពេល។ លើសពីនេះនិស្សិតដែលទទួលបានអាហារូបករណ៍នឹងត្រូវបានផ្តល់ជូននូវវគ្គសិក្សាភាសាតួកគីរយៈពេលមួយឆ្នាំពេញដោយឥតគិតថ្លៃផងដែរ។
បើតាមប្រភពដដែល នៅក្នុងឆ្នាំ២០២៥ នេះ និស្សិតកម្ពុជាសរុបចំនួន ៨រូប បានទទួលអាហារូបករណ៍ដ៏មានតម្លៃនេះ ក្នុងនោះមាននិស្សិតស្រី ១រូប។ និស្សិតទាំងអស់នឹងបន្តការសិក្សាក្នុងជំនាញផ្សេងៗគ្នាដូចជា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ មុនពេលចាកចេញទៅកាន់ប្រទេសតួកគីនៅដើមខែតុលា ឆ្នាំ២០២៥ ស្ថានទូតតួកគីប្រចាំនៅរាជធានីភ្នំពេញបានរៀបចំពិធីជួបជុំសំណេះសំណាលមួយជូនដល់និស្សិតទាំង ៩រូបនេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអបអរសាទរ និងផ្តល់ការលើកទឹកចិត្តដល់ពួកគេក្នុងការខិតខំសិក្សានៅប្រទេសតួកគី។
សមាគមបានគូសបញ្ជាក់ថា ក្នុងចំណោមបេក្ខជនជ័យលាភីអាហារូបករណ៍ទាំង៨រូប មាននិស្សិត១រូប គឺ លោក មុំ មិត្ត ដែលនឹងបន្តថ្នាក់បណ្ឌិតជំនាញពាណិជ្ជកម្មអន្តរជាតិ និងជំនួញ ព្រមទាំងនិស្សិតអនុបណ្ឌិតចំនួនបីរូប ដែលក្នុងនោះរួមមាន កញ្ញា ដាំ បួយគារ នឹងបន្តការសិក្សាជំនាញការគ្រប់គ្រងពាណិជ្ជកម្ម, លោក មុត តឹង ជំនាញវិស្វកម្មអគ្គិសនី, និងលោក សុខា ដេវីត ជំនាញវិស្វកម្មសំណង់ស៊ីវិល។ ចំណែកឯ និស្សិតថ្នាក់បរិញ្ញាបត្រទាំង៤រូប រួមមាន លោក រឿន សុខហេង សិក្សាជំនាញ វិទ្យុ ទូរទស្សន៍ និងភាពយន្ត , លោក សង ស័ក្តិវិសិទ្ធិ ជំនាញទំនាក់ទំនងអន្តរជាតិ , លោក ម៉ៅ ច័ន្ទគ្រឹះស្នា ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងលោក ឆេងគុន មិនា ជំនាញទំនាក់ទំនងអន្តរជាតិ។ មុននឹងក្លាយជាបេក្ខជនជ័យលាភី យុវជនទាំង៨រូប បានឆ្លងកាត់ដំណាក់កាលវិនិច្ឆ័យយ៉ាងស្វាត់ស្វាញទាំងវគ្គដាក់ពាក្យអនឡាញ និងបំពេញលក្ខខណ្ឌឯកសារទាមទារនានា ព្រមទាំងឆ្លងកាត់វគ្គសម្ភាស។
នៅក្នុងកម្មវិធីសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍ទាំង៨រូប លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការខិតខំប្រឹងប្រែងនិស្សិតគ្រប់រូបដោយបានជូនពរឱ្យពួកគេទទួលបានជោគជ័យក្នុងការសិក្សា។ លោកស្រីបានកត់សម្គាល់ពីការទទួលស្គាល់ទូទាំងពិភពលោកនូវគុណភាពខ្ពស់នៃការអប់រំរបស់តួកគីយ៉េដោយជឿជាក់ថាចំណេះដឹងដែលនិស្សិតទទួលបាននឹងកសាងមូលដ្ឋានគ្រឹះវិជ្ជាជីវៈដ៏រឹងមាំសម្រាប់ការអភិវឌ្ឍអាជីព និងប្រទេសជាតិបន្ថែមទៀត។
ចាប់តាំងពីឆ្នាំ២០១៤ រដ្ឋាភិបាលតួកគីបានចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយក្រុមនិស្សិតដំបូងមានចំនួន ១០នាក់។ ចាប់តាំងពីឆ្នាំ២០១៥មក ចំនួននិស្សិតខ្មែរដែលទទួលបានអាហារូបករណ៍ទាំងនេះមានការកើនឡើងជាលំដាប់ ក្នុងនោះក៏មាននិស្សិតដែលទទួលបានអាហារូបករណ៍ពីមូលនិធិឯកជនផងដែរ។ អាហារូបករណ៍នេះបានផ្តល់ឱកាសដល់និស្សិតខ្មែរក្នុងការបន្តការសិក្សាពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិតនៅក្នុងសាកលវិទ្យាល័យល្បីៗនៅប្រទេសតួកគី។
បើតាមសមាគមនិស្សិត អាហារូបករណ៍នេះភាគច្រើនបើកនៅថ្ងៃទី 10 ខែមករា និងបិទនៅថ្ងៃទី 20 ខែកុម្ភៈ។ ដូចនេះ ករណីយុវជនកម្ពុជាមានចំណាប់អារម្មណ៍ចង់ដាក់អាហារូបករណ៍នេះអាចស្វែងរកព័ត៌មានបន្ថែមតាមរយៈគេហទំព័រផ្លូវការ https://www.turkiyeburslari.gov.tr/។ សម្រាប់របៀបក្នុងការដាក់ពាក្យ អាចចូលទៅកាន់តំណភ្ជាប់ https://youtu.be/oIGYE9QsH0w?si=5tNOXpj8T_Iil6Kt។
គួរបញ្ជាក់ថា ដើម្បីជួយសម្រួលដល់និស្សិតខ្មែរនៅតួកគី សមាគមនិស្សិតកម្ពុជានៅតួកគី (Cambodia Student Association in Turkey - CSAT) ត្រូវបានបង្កើតឡើង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល បង្កើតបណ្តាញទំនាក់ទំនង និងរៀបចំសកម្មភាពផ្សេងៗសម្រាប់និស្សិតខ្មែរទាំងអស់នៅទីនោះ។ សមាគម CSAT គឺជាផ្ទះទីពីរសម្រាប់និស្សិតខ្មែរ ដើម្បីជួយពួកគេទាំងការសិក្សា ការងារសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងចូលរួមចំណែកផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរផងដែរ៕