ថៃ៖ អាជ្ញាធរថៃនៅព្រឹកថ្ងៃទី ២៥ ខែ កញ្ញានេះបានប្រកាសអាសន្ននិងបិទផ្លូវសាមសេនជាបណ្តោះអាសន្ន បន្ទាប់ពីមានទឹកបានជ្រាបហូរចេញពីខាងក្រោមផ្លូវធ្វើដំណើររបស់ពលរដ្ឋថៃដែលមានចំងាយប្រមាណត្រឹមតែ២គីឡូម៉ែត្រពីតំបន់បាក់ស្រុត ទល់មុខមន្ទីរពេទ្យវិជ្ជរ៉ា។ មន្ត្រីជំនាញថៃកំពុងប្រញាប់ប្រញាល់បិទតំបន់នោះ ដោយខ្លាចមានការបាក់ស្រុតដីម្តងទៀត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃផ្លូវសាមសេនដែលជាប់និងផ្លូវដែលបាក់ស្រុតចំងាយត្រឹម ២គីឡូម៉ែត្រពីគ្នាបានជ្រាបចេញទឹកខុសពីធម្មតាដែលជាសញ្ញាមួយអាចនឹងបង្កការបាក់ស្រុតដីម្តងទៀតក្នុងជំរៅជ្រៅមិនធ្លាប់មាន។ អាជ្ញាធរថៃបានបិទចរាចរណ៍ធ្វើដំណើរក្នុងផ្លូវផ្លូវសាមសេនជាបណ្តោះអាសន្ន និងរងចាំការជូនដំណឹងជាថ្មី។
គួរកត់សម្គាល់ថានៅទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃទី ២៤ កញ្ញាម្សិលមិញ បានជួបនៅហេតុការណ៍បាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យបាក់ស្រុតផ្លូវបង្កើតទៅជារណ្តៅមានទទឹង៣០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។ ។ ហេតុការណ៍នេះ កើតឡើង នៅទល់មុខនឹងមន្ទីរពេទ្យ មន្ទីរពេទ្យវិជ្ជរ៉ា ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានរថយន្តមួយចំនួនធ្លាក់ចូលរណ្តៅតែមិនមានរបាយការណ៍អ្នកស្លាប់ រឺរងរបួសឡើយ៕