681 ezgif.com resize
Swift cc time

ក្រសួងការបរទេសកម្ពុជា សម្តែងក្តីបារម្ភជាខ្លាំង ក្រោយយោធាថៃបន្តចង់«ឈ្លានពាន»លើកម្ពុជានៅទីតាំង១៧ នៅខេត្តពោធិ៍សាត និងខេត្តកោះកុង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៥ កញ្ញានេះ បានសម្តែងនូវការព្រួយបារម្ភជាខ្លាំង ក្រោយយោធាថៃបន្តចង់ឈ្លានពានលើកម្ពុជានៅទីតាំង១៧ នៅខេត្តពោធិ៍សាត និងខេត្តកោះកុង។ ភាគីកម្ពុជាអំពាវនាវឱ្យភាគីថៃ លើកបញ្ហានេះមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលគ្រោងនឹងជួបគ្នានៅខែក្រោយ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការរាយការណ៍ និងផ្សាយខុសពីការពិតរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែតថៃធំៗ បានផ្សាយថាប្រជាពលរដ្ឋខ្មែរកំពុងតែ ឈ្លានពាន ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខ នឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។

ចំពោះបញ្ហានេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ លើកបញ្ហានេះមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន គោក ដែលគ្រោងនឹងជួបគ្នានៅខែក្រោយ។ ក្រសួងការបរទេស បន្តបញ្ជាក់សារជាថ្មីម្តងទៀត ពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះរាល់វិវាទ ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាគោលជំហររបស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការ ប្រើកម្លាំងនោះទេ។


Khcct banner

អត្ថបទទាក់ទង